(បារាំង)៖ ទោះបីជាធ្លាប់មានរឿងអាស្រូវគេចពន្ធ កាលពីឆ្នាំ២០១៨ ធ្វើឲ្យកេរ្តិ៍ឈ្មោះ តារាសម្តែងស្រី Fan Bingbing ធ្លាក់ចុះស្ទើរតែហៅលែងឮ ក្នុងវិស័យសិល្បៈក្តី តែតារារូបនេះ នៅតែអាចស្តារមុខមាត់របស់ខ្លួន ឡើងវិញបានបន្តិចម្តងៗ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ តាមរយៈការបង្ហាញសម្រស់ដ៏ទាក់ទាញរបស់នាង នៅមហោស្រពភាពយន្តទីក្រុងកាន លើកទី៧៦ គឺប្រៀបបាននឹងការវិលត្រឡប់មកវិញ ដ៏អស្ចារ្យរបស់ ហ្វាន់ ពីងពីង នៅលើវិថីសិល្បៈ និងនៅតែត្រូវបានទស្សនិកជនតាមដានជានិច្ច។

តាមរយៈកម្មវិធីលំដាប់ពិភពលោកដ៏ធំប្រចាំឆ្នាំ មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៦ ដែលប្រមូលផ្តុំដោយតារាល្បីៗជុំវិញពិភពលោក គេសង្កេតឃើញថា រាល់ការបង្ហាញខ្លួនរបស់ Fan Bingbing ពីមួយកម្មវិធីទៅមួយកម្មវិធី គឺសុទ្ធសឹងតែមានភាពលេចធ្លោរ ជាមួយមុខមាត់មានមន្តស្នេហ៍ និងសម្រស់ដ៏ទាក់ទាញរបស់នាង។ ត្បិតឈានចូលដល់វ័យ៤២ឆ្នាំហើយក្តី តារារូបនេះ នៅតែមានសម្រស់មិនចាញ់តារាក្មេងៗ ស្រករក្រោយឡើយ។

ថ្មីៗនេះ គឺបន្ទាប់ពីចូលរួមកម្មវិធី Cannes លើកទី៧៦ ជាច្រើនថ្ងៃមក សម្រស់តារាចិនវ័យ៤២ឆ្នាំរូបនេះ បានបង្ហាញជាមួយនឹងសម្លៀកបំពាក់តឹងណែន មិនចាញ់តារាអន្តរជាតិឡើយ។ នាងបានបន្តទាក់ចិត្តរបស់អ្នកគាំទ្រ នៅឯពិធីជប់លៀងអាហារពេលល្ងាចចុងក្រោយ ដែលបញ្ចប់នៅ Cannes ២០២៣ ដោយបានជ្រើសរើសរ៉ូបដ៏ស្រស់ស្អាត ច្នៃដោយ Rony Abou Hamdan Couture។

លើសពីនេះ ហ្វាន់ ពីងពីង តែងតែទាក់ទាញចំណាប់អារម្មណ៍ តាមរយៈការថតរូបជាមួយតារាអន្តរជាតិនានា ហើយក៏មានតារាមកពីប្រទេសចិនផងដែរ ដែលបានចូលចិត្តថតរូបនៅទីក្រុង Cannes នៃមហោស្រពភាពយន្តទីក្រុងកាន លើកទី៧៦ នេះផងដែរ៕