(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងនាំយកឱកាសការងារសរុបប្រមាណ ១ម៉ឺន ៥ពាន់ កន្លែងពីក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗ ដូចជា៖ សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាទស្សនកិច្ចការងារស្តីពី៖ «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ក្នុងខេត្តគោលដៅចំនួន៤ ចាប់ពីថ្ងៃស្អែកនេះទៅ។

កម្មវិធី «វេទិកាទស្សនកិច្ចការងារ» នេះ នឹងចាប់ផ្តើមដំបូងក្នុងខេត្តបាត់ដំបង នាថ្ងៃពុធ ទី៣១ ខែឧសភា នេះ នៅក្នុងទីតាំងសាលមហោស្រពស្ទឹងសង្កែ បន្ទាប់មក នៅខេត្តសៀម នៅថ្ងៃសុក្រ ទី០២ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ ខេត្តកំពង់ធំ នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងចុងក្រោយនៅខេត្តកំពង់ចាម ថ្ងៃអង្គារ ទី០៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។ ដូច្នេះ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារក្នុងខេត្តគោលដៅទាំង ៤ កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។

វេទិកាទស្សនកិច្ចការងារនេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសជូននិយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបដើម្បីធ្វើការសម្ភាសជាមួយអ្នកស្វែងរកការងារ។ ស្របពេលជាមួយគ្នា វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពី សំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។

គួរបញ្ជាក់ផងដែរថា «វេទិកាការងារ» និង «សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ» នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិក និងកម្មករនិយោជិត។

សម្រាប់ព័ត៌មានពិស្តារស្ដីពីវេទិកាទស្សនកិច្ចការងារនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕