(បរទេស)៖ ក្រុមហ៊ុន Xiaomi India និងដៃគូសហការក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Optiemus គ្រោងចាប់ផ្តើមផលិតផលិតផល Wireless Audio រួមគ្នានៅលើទឹកដីឥណ្ឌាឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅដើមសប្តាហ៍នេះក្រុមហ៊ុន Xiaomi India ដើមកំណើតប្រទេសចិនបាននិយាយថា ខ្លួននឹងផលិតឧបករណ៍ Audio ឬ Wireless Audio Gadget ជាលើកដំបូងក្នុងស្រុក ខណៈទីតាំងផលិតនឹងចាប់ផ្តើមនៅរោងចក្រ Optimus Electronics ស្ថិតក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ដែលជាទីតាំងរោងចក្រមានស្រាប់របស់ក្រុមហ៊ុនដៃគូសហការ។ Xiaomi បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ទៀតថា ខ្លួនក៏កំពុងកំណត់គោលដៅកើនឡើងជាង ៥០ភាគរយ នៅក្នុងការផលិតគ្រឿងបន្លាស់ដែលមានប្រភពក្នុងស្រុកបន្ថែមទៀតគិតត្រឹមឆ្នាំ២០២៥ ផងដែរ។

យ៉ាងណាមិញជុំវិញគម្រោងផលិត Wireless Audio មិនត្រូវបាន Xiaomi បញ្ជាក់ថានឹងជ្រើសរើសឧបករណ៍ប្រភេទណាមកផលិតនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងជាប្រភេទ Speaker, ear-buds ដែលជាប្រភេទកាសឥតខ្សែ និងប្រភេទភ្ជាប់ Bluetooth ផ្សេងទៀត ខណៈបច្ចុប្បន្ននេះ Xiaomi នាំចូលឧបករណ៍ទាំងនេះទៅលក់ក្នុងប្រទេសឥណ្ឌា។

គួរជម្រាបដែរថា ពេលវេលាចាប់ផ្តើមការផលិតជាក់លាក់នៅមិនទាន់មានការជូនដំណឹងពី Xiaomi និង Optiemus នៅឡើយនោះទេប៉ុន្តែទំនងជាឆាប់ៗខាងមុខនេះ ខណៈគម្រោងបង្កើនផលិតផលគេបញ្ជាក់ថា គិតត្រឹមឆ្នំា២០២៥ ខាងមុខ៕