(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែឧសភានេះ បានដឹកនាំមន្ដ្រីជំនាញរបស់ក្រសួង ដើម្បីចុះពិនិត្យទីតាំងមជ្ឈមណ្ឌលព័ត៌មានកីឡា និងមជ្ឈមណ្ឌលព័ត៌មានអន្ដរជាតិ សម្រាប់ត្រៀមបម្រើឲ្យការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMAPGOC បានបញ្ជាក់ថា មកទល់ពេលនេះ ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ CAMAPGOC និងរដ្ឋមន្ដ្រីក្រសួងព័ត៌មាន គួបផ្សំបទពិសោធន៍រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ គណៈកម្មការបានរៀបចំរួចរាល់ ដើម្បីការងារបម្រើឲ្យការផ្សព្វផ្សាយកីឡាអាស៊ានប៉ារ៉ាហ្គេម ពោលគឺខុសប្លែកពីស៊ីហ្គេម បន្ដិចបន្ដួចប៉ុណ្ណោះ ។

លោកថា «ដូចកាលពីស៊ីហ្គេមដែរ យើងបានរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្ដាល(MPC) និងមជ្ឈមណ្ឌលព័ត៌មានអន្ដរជាតិ ដូចគ្នា តែប្លែកគ្នាបន្ដិច កាលពីស៊ីហ្គេម យើងរៀបចំដោយមានសហការជាមួយក្រុមហ៊ុនបរទេស តែឥឡូវនេះ យើងធ្វើការភាគច្រើនដោយសហការជាមួយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ។ សម្រាប់ការងារផ្សេងៗ ប្រហែលមិនខុសគ្នាទេ យើងរៀបចំទីតាំងនេះ(MPC) សម្រាប់អ្នកសារព័ត៌មានចូលធ្វើការក្នុងពេលតែមួយ បានចន្លោះពី ២៥០នាក់ ទៅ ៣០០នាក់ ព្រមទាំងការរៀបចំអាហារសម្រន់សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាជួយសម្រួលអ្នកសារព័ត៌មានអន្ដរជាតិ ទាក់ទងការនាំចូលសម្ភារមួយចំនួន នៅព្រលានយន្ដហោះទៀតផង»

«ពាក់ព័ន្ធនឹងការចុះឈ្មោះរបស់អ្នកសារព័ត៌មាន គិតត្រឹមថ្ងៃនេះ គឺមានអ្នកចុះឈ្មោះជាង ៥០០នាក់ហើយ ក្នុងនោះមានអ្នកសារព័ត៌មានបរទេសជាង ១០០នាក់ ។ យើងកំពុងរៀបចំបោះពុម្ភបណ្ណជូនពួកគាត់ទាំងអស់គ្នា ។ ការចូលយកព័ត៌មានដូចគ្នា មានការបើកទូលាយ មិនមានការលក់សិទ្ធអ្វីនោះទេ ។ ទាក់ទងជាមួយការចែករំលែកការផ្សព្វផ្សាយនេះ យើងបានរៀបចំមជ្ឈមណ្ឌលអន្ដរជាតិរួចហើយ ហើយក៏មានសហការខ្លះដែរ ពីអ្នកជំនាញ នៃក្រុមហ៊ុនដៃគូឯកជន» ។ លោក ផុស សុវណ្ណ បញ្ជាក់បន្ថែម ។

លោកបន្ដថា កាលពីស៊ីហ្គេម លើកទី៣២ ការងារផ្សព្វផ្សាយ គឺបានទទួលជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យព្រឹត្តិការណ៍ទាំងមូលផ្សព្វផ្សាយយ៉ាងទូលំទូលាយលើឆាកអន្ដរជាតិ តែការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកីឡាជនពិការប្រចាំតំបន់នេះ គណៈកម្មការជំនាញរបស់ខ្លួន បានប្ដេជ្ញានឹងធ្វើឲ្យបានកាន់តែល្អថែមទៀត ដើម្បីផ្ដល់នូវព័ត៌មានគ្រប់ជ្រុងជ្រោងដល់មហាជន ក៏ដូចជាពិភពលោក បានឃើញនូវរាល់ទស្សនីយភាពផ្សេងៗ ទាំងពិធីបើក-បិទ និងការប្រកួតតាមវិញ្ញាសា នៃប្រភេទកីឡានីមួយៗ ជាដើម ៕

សូមបញ្ជាក់ថា រយៈពេល ១សប្ដាហ៍ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ(មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួត រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports) ។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា ៕