(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានដល់មន្រ្តី-បុគ្គលិកសរុបចំនួន១០០នាក់។
លោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន និងតំណាងលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សិក្ខាសាលានាឱកាសនេះ មានបទបង្ហាញក្រោមប្រធានបទ៣សំខាន់ៗ ទី១-ទាក់ទងនឹងដំណើរការអនុវត្តប្រពន្ធ័គ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ទី២-ការៀបចំបច្ចុប្បន្នភាពខ្សែទស្សនាប្រាសាទអង្គរវត្ត និងទី៣-កិច្ចការពារព្រៃឈើក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតនៅក្រោមការគ្រប់គ្រងអាជ្ញាធរជាតិអប្សរា។
លោកសង្ឃឹមថា សិក្ខាសាលានេះនឹងទទួលបានការយកចិត្តទុកដាក់ពីមន្រ្តី-បុគ្គលិកតាមដានស្តាប់នូវមតិ និងបទពិសោធន៍ល្អដែលបានលើកឡើង។ បើមានចម្ងល់ អាចចោទជាសំណួរទៅកាន់វាគ្មិន ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែរៀបចំសិក្ខាសាលាស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរដល់មន្រ្តី-បុគ្គលិកជាទៀងទាត់៤ដងក្នុងមួយឆ្នាំ។ អាជ្ញាធរជាតិអប្សរាបានស្នើឱ្យមន្រ្តី-បុគ្គលិកគ្រប់ៗរូបចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីជួយថែរក្សាការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕