(ភ្នំពេញ)៖ Soltilo Angkor FC ដែលមានលោក Keisuke HONDA អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ជាម្ចាស់ផងនោះ បានប្រកាសបិទក្លិបជាផ្លូវការហើយចាប់ពីថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រោយដំណើរការប្រកួតទាំងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រយៈពេល ៦រដូវកាលមកនេះ។

ជាការកត់សម្គាល់ ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប ដែលមានថ្នាក់ដឹកនាំ និងកីឡាករយុវជនក្នុងខេត្តនេះផងនោះ ពុំបានឈ្នះពានរង្វាន់ណាមួយឡើយ ដែលដំណើរការទៅបានដោយប្រើប្រាស់ហិរញ្ញវត្ថុរបស់លោក ហុងដា ផ្ទាល់តែម្តង តាំងពីថ្ងៃបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៧ មក និងមានរយៈពេលខ្លីផងដែរ ដ្បិតម្ចាស់ក្លិបនេះផុតកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិគោព្រៃកម្ពុជាទៀតផង។

លោក ហុងដា ដែលពុំទាន់ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ផងនោះបានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា «ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លិប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លិបនេះអស់រយៈពេល ៦ឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត»។

បន្ថែមលើនេះ រូបលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត លោកសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះផងដែរ៕