តារា K-pop BTS នឹងចេញបទចម្រៀង អបអរគម្រប់ខួប១០ឆ្នាំ មានឈ្មោះថា «Take Two»

02-06-2023 14:51

(កូរ៉េ)៖ BTS កំពុងប្រារព្ធខួបលើកទី១០របស់ពួកគេ ជាមួយនឹងបទចម្រៀងថ្មីមួយ ដែលមានឈ្មោះថា «Take Two»។ ក្រុមនេះ គឺមានសមាជិក៧នាក់រួមមាន Suga, Jimin, V, Jungkook, RM, J-Hope និង Jin នឹងចេញបទចម្រៀងទីពីរ ប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃទី០៩ ខែមិថុនា ដើម្បីជាកាដូសម្រាប់អ្នកគាំទ្ររបស់ពួកគេ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។

Big Hit Entertainment បាននិយាយថា បទចម្រៀងនេះបង្ហាញពីការដឹងគុណរបស់ពួកគេ ចំពោះអ្នកគាំទ្រនូវក្តីស្រឡាញ់ ដែលអ្នកគាំទ្របានផ្តល់ឲ្យពួកគេ និងបំណងប្រាថ្នារបស់ពួកគេ ក្នុងការបន្តការងារជាក្រុម។ ថ្លែងទៅកាន់មិត្តរួមក្រុម RM អាយុ ២៨ឆ្នាំបាននិយាយថា «ខ្ញុំសុបិនអំពីអនាគតមួយដែលពួកយើងទាំង ៧នាក់ នៅជាមួយគ្នារហូតដល់យើងស្លាប់។ ខ្ញុំចង់ឲ្យយើងទាំងប្រាំពីរនៅជាមួយគ្នាយូរអង្វែង»

គួរជម្រាបថា បច្ចុប្បន្នក្រុមចម្រៀងនេះ កំពុងស្ថិតក្នុងការផ្អាកការងារជាក្រុម ដែលពួកគេផ្តោតលើគម្រោងទោលវិញ ត្បិតថាមានសមាជិកមួយចំនួន ត្រូវចូលបំពេញកាតព្វកិច្ចយោធា៕