(ភ្នំពេញ)៖ កីឡាករកម្ពុជា សំ សៀន ប្រកួតក្នុងវិញ្ញាសា កីឡាលើកទម្ងន់ជនពិការ ប្រភេទ ៦៥កីឡូក្រាម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ធ្វើមិនបានល្អនោះ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិកបរទេស ៧នាក់ ដែលការប្រកួតធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន។

ក្នុងវិញ្ញាសានេះ កីឡាករឥណ្ឌូនេស៊ី Margono បានមេដាយមាស កីឡាករថៃ Narong បានមេសាយប្រាក់ និងកីឡាករវៀតណាម Nguyen Be Hau ទទួលបានមេដាយសំរិទ្ធ។

កីឡាករកម្ពុជា ៣រូបហើយ ក្នុងចំណោម ៦រូប ដែលធ្វើមិនបានល្អ ក្នុងកីឡាលើកទម្ងន់ជនពិការ។ ក្នុងនោះ កីឡាករកម្ពុជា ប្រាក់ តឿ ប្រកួតក្នុងវិញ្ញាសា កីឡាលើកទម្ងន់ជនពិការ ប្រភេទ ៥៩កីឡូក្រាម ស្ថិតក្នុងលេខរៀងទី៨ ក្នុងចំណោមអត្តពលិក ៨នាក់ ដែលការប្រកួតធ្វើឡើងនៅព្រឹកនេះ ខណៈកីឡាករ ស្មាន់ ប៉ាវស៉ី អត្តពលិកកីឡាលើកទម្ងន់ ក្នុងប្រភេទ ៥៤កីឡូក្រាម ស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមអត្តពលិក ៧នាក់ ដែលការប្រកួតធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ។

កម្ពុជា ដាក់អត្តពលិក ៦នាក់ ក្នុងកីឡាលើកទម្ងន់ជនពិការ ដែលមានន័យថា កម្ពុជា នឹងមានអត្តពលិក ៣នាក់ទៀត ដើម្បីដណ្តើមមេដាយ៕

ការប្រកួតកីឡាលើកទម្ងន់ក្នុងព្រិត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ធ្វើឡើងដោយមានប្រទេសចំនួន ១០ចូលរួមប្រកួត ក្នុងនោះរួមាន៖ កម្ពុជា ថៃ វៀតណាម ឥណ្ឌនេស៊ី មីយ៉ាន់ម៉ា ឡាវ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងទីម័រ។ ការប្រកួតកីឡានេះ ចាប់ដំណើរការប្រកួតពីថ្ងៃទី០៤ -៧ ខែមិថុនា ឆ្នាំ២០២៣៕