(បាសេឡូណា)៖ កីឡាករ Lionel Messi កាលពីសប្តាហ៍មុន បានលេងជាលើកចុងក្រោយរបស់លោកសម្រាប់ក្លិប Paris St. Germain នោះ មានបំណងចង់វិលត្រឡប់ទៅលេងឲ្យក្លិប FC Barcelona របស់អេស្ប៉ាញវិញ។ នេះបើតាមសម្តីឪពុកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

Barca បានបង្ខំចិត្តឲ្យ Messi ចាកចេញក្នុងឆ្នាំ២០២១ ដោយសារតែប្រាក់ឈ្នួលកម្រិតខ្ពស់ បូកផ្សំនឹងការរឹតបន្តឹងច្បាប់ហិរញ្ញវត្ថុរបស់លីគ La Liga ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ ចំពោះអនាគតរបស់ក្លិប។

Messi បានចូលរួមជាមួយការបណ្តុះបណ្តាលយុវជន របស់ក្លិប Barcelona តាំងពីវ័យ១៣ឆ្នាំ ហើយបានក្លាយជាកីឡាករ រកគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប ដោយរកបាន ៦៧២គ្រាប់ ក្នុង៧៧៨ប្រកួតគ្រប់កម្មវិធី។

លោកបានផ្លាស់ទៅលេងឲ្យក្លិបបារាំង PSG ដោយគ្មានតម្លៃខ្លួន លើកិច្ចសន្យារយៈពេល ២ឆ្នាំ។

Messi ដែលបានជួយក្រុមអាហ្សង់ទីន ដណ្តើមពានរង្វាន់ World Cup នៅកាតា កាលពីឆ្នាំមុននោះ បានឈ្នះពានរង្វាន់ Ligue 1 ក្នុងរដូវកាល២០២១-២២ និង២០២២-២៣ ជាមួយក្លិប PSG ព្រមទាំងឈ្នះពានរង្វាន់ French Super Cup ក្នុងខែកក្កដា ឆ្នាំ២០២២។

យ៉ាងណាក្តី លោកបានសម្រេចចិត្ត មិនបន្តកិច្ចសន្យាថ្មី ជាមួយក្លិបម្ចាស់ពានរង្វាន់ Ligue 1 នោះទេ។

អនាគតរបស់លោក បានក្លាយជាប្រធានបទដែលមានការជជែកច្រើន នៅពេលថ្មីៗនេះ ជាមួយនឹងប្រភពជិតស្និទ្ធជាមួយ Messi បានប្រាប់ Reuters ថា លោកបានទទួលការផ្តល់ជូនផ្លូវការមួយ ដើម្បីចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal នៅរដូវកាលក្រោយ។

ជាមួយគ្នានោះ ក្លិបអាមេរិក Inter Miami ដែលលេងនៅលីគ Major League Soccer ក៏មានបំណងចង់បានកីឡាករ Messi ផងដែរ៕