(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ប្រតិបត្តិករទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា ដែលតែងលើកកម្ពស់ការរស់នៅបែបឌីជីថល បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃ «កម្មវិធីបញ្ញវន្តឌីជីថល - Digital Talents» ដែលជាកម្មវិធីអប់រំលើក កម្ពស់ទេពកោសល្យសិក្សាសម្រាប់សិស្សវិទ្យាល័យ ដោយផ្តោតលើចំណេះដឹង និងជំនាញផ្នែកឌីជីថលដែលកម្មវិធីនេះ ផ្តួចផ្តើមដោយក្រុមហ៊ុន iDEN Agency ក្រោមការគាំទ្រយ៉ាងពេញលេញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

នេះជាកម្មវិធីថ្មីមួយ ដែលធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលទេពកោសល្យឌីជីថលវ័យក្មេង នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើននូវនិវានុវត្តថ្មីៗ និងលើកកម្ពស់គុណភាពជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។ ខណៈដែលសេដ្ឋកិច្ចឌីជីថលកម្ពុជា កំពុងតែវិវត្តទៅមុខតម្រូវការសម្រាប់ទេពកោសល្យឌីជីថលក៏នឹងបន្តកើនឡើង។ តាមរយៈការបន្តវិនិយោគលើវិស័យអប់រំ និងការបណ្តុះបណ្តាលសមត្ថភាព ប្រទេសកម្ពុជាអាចនឹងធានាបាននូវធនធានមនុស្សដ៏មានទេពកោសល្យ ដែលខ្លួនត្រូវការដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងយុគសម័យឌីជីថល។

កម្មវិធីនេះនឹងមានដំណើរការក្នុងទម្រង់ ជាកម្មវិធីប្រកួតប្រជែងដោយមានការចូលរួមពីគណៈកម្មាការ ក៏ដូចជាអ្នកជំនាញក្នុងឧស្សាហ៍កម្ម និងអ្នកអប់រំមកពីស្ថាប័នផ្សេងៗ ដើម្បីធ្វើការវាយតម្លៃសមត្ថភាពរបស់សិស្សានុ សិស្សក្នុងមុខវិជ្ជាឌីជីថលជាច្រើនប្រធានបទរួមមាន ជំនាញទីផ្សារឌីជីថល បច្ចេកវិទ្យា ហិរញ្ញវត្ថុ វិទ្យាសាស្ត្រទិន្នន័យ បញ្ញាសិប្បនិម្មិត AR/VR និងការបោះពុម្ព 3D ជាដើម។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគម៍ បានសម្តែងពីការចូលរួមអបអរ ចំពោះការចាប់ដំណើរការនៃកម្មវិធីបញ្ញវន្តទេពកោសល្យ ឬ Digital Talents ផងដែរ។

«កម្មវិធីបញ្ញវន្តឌីជីថល Digital Talents គឺជាកម្មវិធីលើកកម្ពស់កសាងធនធានមនុស្សឆ្នើមរបស់កម្ពុជា ជាពិសេសការពង្រឹងសិស្សានុសិស្សថ្នាក់វិទ្យាល័យ ឲ្យស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមរយៈការចូលរួមប្រកួតប្រជែង និងការទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ កម្មវិធីមួយនេះនឹងចូលរួមបង្កើនការយល់ដឹងរបស់សិស្ស និស្សិត និងសាធារណជនឲ្យទទួលបានពត៌មាន និង ចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មី ដែលស្របទៅតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ ២០២២-២០៣៥។»

កម្មវិធីមួយនេះនឹងមានដំណើរការចាក់បញ្ចាំងចំនួន ១៤ ភាគហើយជ័យលាភីដែលជាប់ចំណាត់ថ្នាក់កំពូលទាំងបី នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងអាហារូបករណ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាប័ត្រពីរជំនាញក្នុងពេលតែមួយ (Dual Degree) នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ដោយឡែកជ័យលាភីលេខ ៤ ដល់លេខ ២០ ទទួលបានកុំព្យូទ័រយួរដៃ ១ គឿង និងប្រាក់ឧបត្ថមផងដែរ។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «ក្រុមហ៊ុន Smart មានក្តីរំភើបជាខ្លាំង ដែលមានឱកាសគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសក្នុងដំណើរការកម្មវិធីបញ្ញវន្ត - Digital Talents »

លោកក៏បានបន្តទៀតថា «ក្នុងនាមជាស្ថាប័នដ៏សំខាន់មួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទូរស័ព្ទចល័ត និងការរស់នៅបែបឌីជីថលនៅកម្ពុជា យើងជឿជាក់ទៅលើវប្បធម៌ប្រកបដោយការច្នៃប្រឌិតដែលតែងតែជំរុញឲ្យយើងបន្តកែលម្អ និងអភិវឌ្ឍទៅមុខជានិច្ច។ យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ជំនាញដែលមានតម្រូវការខ្ពស់នាពេលអនាគតខាងមុខ សម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ ដែលរួមមានចំណេះដឹងផ្នែកឌីជីថលផងដែរ។ ការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យឌីជីថល ពិតជាមានសារៈសំខាន់សម្រាប់ការរីក ចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលប្រកបដោយភាពច្នៃប្រឌិត អាចប្រកួតប្រជែងលើឆាកអន្តរជាតិ បានក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសយើងប្រកបដោយចីរភាពផងដែរ»

«កម្មវិធីមួយនេះ ជាឱកាសដ៏ពិសេស សម្រាប់យុវជនកម្ពុជាក្នុងការបង្ហាញពីទេពកោសល្យ និងភាពច្នៃប្រឌិត ហើយដើម្បីជួយនិងជំរុញទឹកចិត្តឲ្យពួកគេអភិវឌ្ឍជំនាញដែលជាតម្រូវការដើម្បីឲ្យពួកគេទទួលបាន ជោគ ជ័យក្នុងការរស់នៅនាយុគសម័យសេដ្ឋកិច្ចឌីជីថល និងសង្គម។ ពួកយើងពិតជាយល់ឃើញ ថាកម្មវិធីនេះ គឺពិតជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងការចូលរួមសម្រេចឲ្យបាននូវគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជាឆ្នាំ 2021 – 2035 តាមរយៈការផ្សារភ្ជាប់គម្លាតឌីជីថល និងការកសាងកម្លាំងការងារឌីជីថលប្រកបដោយគុណភាព និងសមត្ថភាព»

លោក ជិន ថូមីត នាយកប្រតិបត្តិ និងជាស្ថាបនិកនៃទីភ្នាក់ងារ iDEN បានលើកឡើងថា «ក្នុងនាមជាអ្នករៀបចំកម្មវិធី យើងពិតជាអរគុណក្រុមហ៊ុន Smart Axiata សម្រាប់ការគាំទ្រយ៉ាងមុះមុតក្នុងការចូលរួមបណ្តុះ បណ្តាលទេពកោសល្យឌីជីថលនៅកម្ពុជា។ យើងមានទំនុកចិត្តថាកម្មវិធីបញ្ញវន្តឌីជីថលនឹងទទួលបានជោគជ័យ និងអាចជួយជំរុញឲ្យមានអ្នកដឹកនាំឌីជីថលជំនាន់ថ្មីកាន់តែកើនឡើងនៅប្រទេសកម្ពុជា»

កម្មវិធីបញ្ញវន្តឌីជីថល នឹងចាប់ផ្តើមដំណើរការផលិតកម្មនៅរាជធានីភ្នំពេញ ហើយនឹងធ្វើការចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ BTV News ក៏ដូចជានៅតាមកម្មវិធីទូរស័ព្ទចល័តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កម្មវិធីនេះគ្រោងនឹងចាប់ផ្តើមចាក់ផ្សាយនៅក្នុងខែមិថុនា ឆ្នាំ ២០២៣នេះ។

បន្ថែមពីការគាំទ្រគម្រោងបញ្ញវន្តឌីជីថល ក្រុមហ៊ុន Smart Axiata តែងតែផ្តោតសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ ទំនងឌីជីថលទូទាំងព្រះរាជាណាចក្រកម្ពុជាតាមរយៈទំនួលខុសត្រូវសង្គម និងគំនិតផ្តួចផ្តើមជាច្រើន។ ក្រុមហ៊ុនទូរគមនាគន៍មួយនេះ បាននិងកំពុងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្ត «កម្មវិធី អក្ខរកម្មឌីជីថល» ដល់សិស្សវិទ្យាល័យដែលបានពង្រីកដល់ទៅខេត្តចំនួន ៤ នៅក្នុងប្រទេសកម្ពុជា។ Smart ក៏បានបន្តចូលរួមគាំទ្រ Safer Internet Day ជាមួយអង្គការ APLE Cambodia នៅឆ្នាំ ២០២៣ ដែលកម្មវិធីមួយនេះបានដើរតួជាថ្នាលផ្សព្វផ្សាយនិងដាស់តឿនសិស្សានុសិស្ស ឲ្យចេះរក្សាសុវត្ថិភាពខ្លួនឯងនៅពេលប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល។

បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart ក៏បានបើកដំណើរការមូលនិធី Smart Axiata Digital Innovation Fund (SADIF) ដែលជាមូលនិធិវិនិយោគដំបូងគេនៅក្នុងប្រទេសដោយបានធ្វើការវិនិយោគទឹកប្រាក់ ៣ លានដុល្លាអាមេរិកទៅកាន់ធុរកិច្ចសង្គមចំនួន ១០ ដែលរួមមានកម្មវិធី Nham24 ផងដែរ។ មិនតែប៉ុណ្ណោះ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ ក៏បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល ការចាប់ផ្តើមអាជីវកម្មជាច្រើនផ្សេងទៀត រួមទាំងកម្មវិធី SmartSpark និងកម្មវិធី SmartStart ដោយមានគោលបំណងកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឲ្យកាន់តែរឹងមាំ និងបន្តគាំទ្របណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយផងដែរ៕