(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញទស្សនាការប្រកួតកីឡាអត្តពលិក វិញ្ញាសាលើកទម្ងន់ជនពិការ ផ្នែកបុរស ទម្ងន់ ៧២កីឡូក្រាម និងទម្ងន់ ៨០គីឡូក្រាម នៅទីតាំងមជ្ឈមណ្ឌលជនពិការតេជោសែន រាជធានីភ្នំពេញ។

ការប្រកួតនេះ មានកីឡាករកម្ពុជាម្នាក់ គឺ ហុង សុភ័ក្រ្ត បានចូលរួមប្រកួតវិញ្ញាសាលើកទម្ងន់ ៨០គីឡូក្រាម ប៉ុន្តែអត្តពលិករូបនេះ ធ្វើមិនបានល្អឡើយ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមអត្តពលិកបរទេស ៦នាក់ ខណៈកីឡាករថៃ Thongsa Marasri បានមេដាយមាស កីឡាករម៉ាឡេស៊ី Bryan Junency បានមេដាយប្រាក់ និងកីឡាករមីយ៉ាន់ម៉ា Min Zaw Win បានមេដាយសំរឹទ្ធ។

កីឡាករកម្ពុជា ៤រូបហើយ ក្នុងចំណោម ៦រូប ដែលធ្វើមិនបានល្អ ក្នុងកីឡាលើកទម្ងន់ជនពិការ។ ក្នុងនោះ កីឡាករកម្ពុជា ប្រាក់ តឿ ប្រកួតក្នុងវិញ្ញាសា កីឡាលើកទម្ងន់ជនពិការ ប្រភេទ ៥៩កីឡូក្រាម ស្ថិតក្នុងលេខរៀងទី៨ ក្នុងចំណោមអត្តពលិក ៨នាក់, កីឡាករកម្ពុជា សំ សៀន ប្រកួតក្នុងវិញ្ញាសា កីឡាលើកទម្ងន់ជនពិការ ប្រភេទ ៦៥កីឡូក្រាម ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិកបរទេស ៧នាក់ ដែលការប្រកួតរបស់អត្តពលិកទាំងពីរ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ខណៈកីឡាករ ស្មាន់ ប៉ាវស៉ី អត្តពលិកកីឡាលើកទម្ងន់ ក្នុងប្រភេទ ៥៤កីឡូក្រាម ស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមអត្តពលិក ៧នាក់ ដែលការប្រកួតធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

កម្ពុជា ដាក់អត្តពលិក ៦នាក់ ក្នុងកីឡាលើកទម្ងន់ជនពិការ ដែលមានន័យថា កម្ពុជា នឹងមានអត្តពលិក ២នាក់ទៀត ដើម្បីដណ្តើមមេដាយ។

ការប្រកួតកីឡាលើកទម្ងន់ក្នុងព្រិត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ធ្វើឡើងដោយមានប្រទេសចំនួន ១០ចូលរួមប្រកួត ក្នុងនោះរួមាន៖ កម្ពុជា ថៃ វៀតណាម ឥណ្ឌនេស៊ី មីយ៉ាន់ម៉ា ឡាវ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងទីម័រ។ ការប្រកួតកីឡានេះ ចាប់ដំណើរការប្រកួតពីថ្ងៃទី០៤ -៧ ខែមិថុនា ឆ្នាំ២០២៣៕