(បរទេស)៖ ក្រុមហ៊ុន Microsoft នឹងចំណាយប្រាក់ចំនួន ២០ លានដុល្លារដើម្បីដោះស្រាយការចោទប្រកាន់របស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) អាមេរិក ដែលបានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បានប្រមូលព័ត៌មានផ្ទាល់ខ្លួន ដោយខុសច្បាប់ពីកុមារ ដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ «ការពារឯកជនភាព​លើអ៊ីនធឺណិតរបស់កុមារ ហៅកាត់ថា COPPA» របស់សហរដ្ឋអាមេរិក ដោយប្រមូលព័ត៌មានផ្ទាល់ខ្លួនពីកុមារ ដែលបានចុះឈ្មោះចូលលេងហ្គេម Xbox របស់ខ្លួនដោយមិនជូនដំណឹងដល់ឪពុកម្តាយរបស់ពួកគេ ឬទទួលបានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ និងបានរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ។

នៅក្នុងការចោទប្រកាន់នេះ តម្រូវឱ្យ Microsoft ចាត់វិធានការដើម្បីកែលម្អការការពារឯកជនភាពសម្រាប់អ្នកប្រើប្រាស់ជាកុមារ នៅលើប្រព័ន្ធ Xbox ឡើងវិញ រួមនឹង​លក្ខខណ្ឌមួយចំនួនទៀតផងដែរ។ FTC បាននិយាយថា ពួកគេនឹងពង្រីកការការពារ COPPA ដល់ភាគីទីបី ដែលក្រុមហ៊ុន Microsoft ចែករំលែកទិន្នន័យរបស់កុមារ។

អ្នក​នាំពាក្យ​ក្រុមហ៊ុន Microsoft បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ប្ដេជ្ញា​អនុវត្ត​តាម​បទបញ្ជា និងបានបន្ថែមទៀតថា ដំណើរការបង្កើតគណនីនឹងត្រូវបានអាប់ដេត ហើយកំហុសក្នុងការរក្សាទិន្នន័យដែលរកឃើញនៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុននឹងត្រូវបានដោះស្រាយ៕