(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិប៊ែលធី លើកទី៦ ឆ្នាំ២០២៣ BICC2023-ប៊ី អាយ ស៊ី ស៊ី ២០២៣ (The 6th BELTEI International Collaboration Conference 2023) ក្រោមប្រធានបទ៖ ឱកាសអាហារូបករណ៍និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងដោយមានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញពីសាកលវិទ្យាល័យដៃគូចំនួន៣៤ មកពី ១៥ប្រទេសជុំវិញពិភពលោក ជូនដល់និស្សិតសាកលវិទ្យាល័យ និងសិស្សសាលាប៊ែលធីអន្តរជាតិសរុបជាង ៥,០០០នាក់ ។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា BICC គឺជាសន្និសីទលក្ខណៈអន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់គុណភាព វិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលមាន ៧ចំណុចសំខាន់ៗ៖

១៖ ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ចក៏ដូចជាវិស័យផ្សេងៗ របស់កម្ពុជាទៅកាន់ពិភពលោក
២៖ បង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣៖ ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗ នៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤៖ បង្កើតនូវវេទិកាទំនាក់ទំនង សម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម
៥៖ ជំរុញនិងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦៖ ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិត ទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៧៖ ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ ។

នៅក្នុងពិធីបើកសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស A ដែលជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺលោក ទូច អៀង និងកញ្ញា ហេង ហ្គ្រេចហ៊ុង ដែលបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ Guilin of Technology នៃប្រទេសចិន ព្រមទាំងការសម្តែង។

ក្នុងឱកាសនោះលោកបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពីសន្តិភាពស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ១៩ យ៉ាងជោគជ័យ និងបានបើកដំណើរការសកម្មភាព សង្គមសេដ្ឋកិច្ចលើគ្រប់វិស័យទូទាំងប្រទេសឡើងវិញ ។ ជាពិសេសភាព ជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ មហាសន្និបាតអន្តរសភា អាស៊ាន (AIPA) លើកទី៤៣ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។

លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានសិក្សាទាំង៣៤ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្ស-និស្សិតកម្ពុជា ។ លោកបណ្ឌិតបានបន្ថែមថា សន្និសីទ BICC ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងយុគសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។

ជាមួយគ្នានោះលោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសទាំងអស់ បន្តចូលរួមសន្និសីទ BICC 2024 ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕