(គីវ)៖ អ៊ុយក្រែន បានតែងតាំងអតីតខ្សែប្រយុទ្ធ Serhiy Rebrov ជាគ្រូបង្គោលរបស់ពួកគេ រហូតដល់ចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។ នេះបើតាមសហព័ន្ធបាល់ទាត់អ៊ុយក្រែន (UAF) ប្រកាស ហើយត្រូវបានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
បុរសវ័យ ៤៩ឆ្នាំខាងលើ បានស្នងតំណែង ពីអ្នកចាត់ការបណ្តោះអាសន្ន Ruslan Rotan ហើយបានចុះកិច្ចសន្យា រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
លោក Rotan ត្រូវបានតែងតាំង កាលពីខែកុម្ភៈ បន្ទាប់ពីកិច្ចសន្យារបស់អតីតអ្នកចាត់ការ Oleksandr Petrakov បានផុតកំណត់។
Rebrov ដែលធ្លាប់លេងឲ្យក្លិប Dynamo Kyiv និង Tottenham Hotspur នោះ បានចូលលេង ៧៥លើក ឲ្យក្រុមជម្រើសជាតិអ៊ុយក្រែនចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៦ មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ២០០៩។
លោកនឹងទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមអាល្លឺម៉ង់ នៅថ្ងៃទី១២ ខែមិថុនាខាងមុខ មុនពេលប្រកួតជម្រុះ Euro ទល់នឹងក្រុមម៉ាសេដូនខាងជើង និងម៉ាល់តានៅចុងខែនេះ៕