(សៀមរាប)៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន៧ប្រភេទ ពីលោក អេង ណាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តប្រគល់ជូនសារមន្ទីរយកមកថែរក្សា និងអភិរក្សបន្ត។
ការទទួលបានគឺនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា វត្ថុបុរាណទាំងនោះមានចំនួន១២ ដូចជា កងដៃតូចធំចំនួន៦ កញ្ចក់សំរឹទ្ធចំនួនមួយ ផ្តិលទឹកមួយ ចានមួយ កណ្តឹងមួយ កាំបិតមួយ និងពូថៅចំនួនមួយ។ ដោយភាគច្រើននៃវត្ថុបុរាណទាំងនោះ អាចសនិដ្ឋានបានថា ផលិតឡើងអំពីសំរឹទ្ធ និងកាំបិតមានផ្លែដែក។
លោក ខួយ សាវឿត បានបន្តទៀតថា ជារួមនៅពេលទទួលបានវត្ថុទាំងអស់នេះ ក្រុមការងារមិនទាន់អាចកំណត់អត្តសញ្ញាណថា វត្ថុទាំងអស់នេះស្ថិតក្នុងសម័យកាលណាមួយបានឡើយ។ គ្រាន់តែប្រជាពលរដ្ឋប្រគល់ជូន បានបញ្ជាក់ថា កងដៃធំចំនួនពីរ មានប្រភពមកពីខេត្តបាត់ដំបង និងវត្ថុក្រៅពីនោះ មានប្រភពមកពីខេត្តឧត្តរមានជ័យ។ សារមន្ទីរក៏កំពុងស្នើសុំអ្នកជំនាញមកវិភាគ និងកំណត់អាយុកាលនៃវត្ថុទាំងនោះ ដើម្បីធ្វើការថែទាំ និងសម្អាត។ បើសិនជាមានលទ្ធភាពសារមន្ទីរ និងត្រៀមបង្ហាញជូនសាធារណជន អ្នកស្រាវជ្រាវបានចូលទស្សនាផងដែរ។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រីករាយស្វាគមន៍ការប្រគល់ជូនវត្ថុបុរាណផ្សេងៗ ដែលប្រជាពលរដ្ឋបានរកឃើញឬរក្សាទុកនៅផ្ទះបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែទាំ និងអភិរក្សបន្តដើម្បីកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕