(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់កីឡាវាយសីអន្តរជាតិ DATUK FOO Kok Keong លើកទី៩ ឆ្នាំ២០២៣ «9 th DATUK FOO Kok Keong International Cup 2023» ជាការប្រកួតកីឡាវាយសី ដ៏ល្បីល្បាញបំផុតសម្រាប់មនុស្សវ័យចំណាស់ ដែលធ្វើឡើងនៅអាស៊ី នឹងធ្វើការប្រកួតជាផ្លូវការ ក្នុងប្រទេសកម្ពុជា នៅក្លឹបវាយសី T Badminton ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមការសហការជាមួយ ក្លឹបវាយសី T Badminton និងណាហ្គាវើល។

សណ្ឋាគារ NAGAWORLD នឹងធ្វើជាម្ចាស់ផ្ទះផ្លូវការ សម្រាប់ប្រតិភូ និងអ្នកចូលរួមទាំងអស់។ ព្រឹត្តិការណ៍នេះ នឹងត្រូវបានប្រារព្ធឡើងដោយលោក Yang Berhormat Hannah Yeah រដ្ឋមន្ត្រីកីឡាម៉ាឡេស៊ី ជាភ្ញៀវកិត្តិយស The Selangor Symphony Orchestra (550) នឹងសម្តែង ហើយ TENGKU Hisamuddin Zazi មកពី Selangor ប្រទេសម៉ាឡេស៊ី អញ្ជើញចូលរួមពិធីបិទកម្មវិធីប្រគល់រង្វាន់នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣។

លោក NG YONG WEWI ប្រធានគណៈកម្មាធិការរៀបចំ បាននិយាយថា ក្នុងឆ្នាំ២០២៣នេះ យើងពិតជាមានមោទនភាពដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះការរៀបចំការ ប្រកួត Datuk Foo Kok Keong cup ២០២៣។ ជាពិតកម្ពុជាបានទទួលភាពជោគជ័យរួចមក ហើយក្នុងការរៀបចំកីឡា Sea Games លើកទី៣២ និង Asean Para Games លើកទី១២ ហើយនេះជាសមទ្ធិផលមួយ ដែលកម្ពុជាបានរៀបចំការប្រកួតកីឡាវាយសី Datuk Foo Kok Keong cup ២០២៣។

លោកបន្តថា ព្រឹត្តិកាណ៍ការប្រកួតកីឡាវាយសី Datuk Foo Kok Keong cup កន្លងមកលោករៀបចំសម្រាប់កីឡាករវ័យក្មេង ប៉ុន្តែលើកនេះ យើងរៀបចំសម្រាប់កីឡាករវ័យចាស់តាមស្តង់ដារអន្តជាតិ ហើយមានចំនួន ៩ ប្រទេស ព្រមទំាងមាន ១២ ក្រុម ក្នុងមួយក្រុមមាន ១០នាក់។ ការប្រកួតលើកនេះ អាចឲ្យកីឡាករវ័យចាស់រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកដោយសារមានការចូលរួម ពីអតីតកីឡាករជម្រើសជាតិល្បីៗមកពីបណ្តាប្រទេស ហើយកីឡាវាយសីមានភាពល្បីល្បាញសម្រាប់ការផ្តល់នូវពេលវេលាកីឡាដ៏គួរឲ្យចាប់អារម្មណ៍ និងជាកីឡាពេញនិយមបំផុតរបស់ពិភពលោក។

DATUK FKK INTERNATIONAL CUP គឺជាព្រឹត្តិការណ៍កីឡាក្រុមតែមួយគត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិលជុំក្នុងចំណោមទីតាំងផ្សេងៗគ្នាក្នុងសហគមន៍កីឡាវាយសី ហើយវាជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ចាប់តាំងពីការបង្កើតឡើងកាលឆ្នាំ ២០១២ លើកលែងតែឆ្នាំ ២០២០ និង២០២១ ត្រូវអាក់ខាន់ដោយសារជំងឺរាតត្បាតកូវីដ។ ការធ្វើជាម្ចាស់ផ្ទះការប្រកួត DATUK FKK INTERNATIONAL Cup ត្រូវបានចាត់ទុកថា ជាកិត្តិយសមួយដោយសារតែប្រជាប្រិយភាពយ៉ាងសម្បើមនៃកីឡាវាយសីទូទាំងពិភពលោកមានមនុស្ស ២២០ លាននាក់លេងកីឡាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក គី ផេង ក្លឹបវាយសី T Badminton បាននិយាយថា ក្នុងនាមលោកជាម្ចាស់ក្លឹបវាយសី T Badminton ពិតជាសប្បាយចិត្ត និងចូលរូមសហការឲ្យល្អប្រសើរជាមួយគណៈកម្មាធិការរៀបចំប្រកួត Datuk Foo Kok Keong cup ២០២៣ ដែលជ្រើសរើសក្លឹបរបស់លោក យើងពិតជាមានមោទនភាពដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះការរៀបចំការកម្រិតអន្តរជាតិនៃប្រភេទកីឡាវាយសី៕