(បរទេស)៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានបង្ហោះសារមួយចំនួននៅលើបណ្តាញសង្គម Twitter ដើម្បីទាក់ទងទៅតារាចម្រៀងល្បី Taylor Swift ក្នុងគោលបំណងលើកទឹកចិត្តនាងឱ្យបន្ថែមកាលបរិច្ឆេទ សម្រាប់ការប្រគំតន្រ្តីទេសចរណ៍ពិភពលោក Eras Tour របស់នាង ទៅប្រទេសកាណាដា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។

នៅដើមសប្តាហ៍នេះ តារាចម្រៀងជនជាតិអាមេរិកវ័យ ៣៣ឆ្នាំ Taylor Swift បានប្រកាសកាលបរិច្ឆេទប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួន ដែលនឹងបន្តរហូតដល់ខែសីហា ឆ្នាំ២០២៤ ហើយនាងពិតជាមមាញឹកក្នុងការប្រគំតន្ត្រី The Eras Tour របស់ខ្លួនយ៉ាងខ្លាំង ដែលរៀបចំនៅទូទាំងសហរដ្ឋអាមេរិក ហើយបន្ទាប់មកនឹងបន្តនៅក្នុងប្រទេសជាច្រើនរួមមានម៉ិកស៊ិក ជប៉ុន អូស្ត្រាលី និងសិង្ហបុរីជាដើម។

នៅថ្ងៃទី៥ ខែកក្កដា ម្ចាស់បទ «Blank Space» រូបនេះបានប្រកាសកាលបរិច្ឆេទចំនួន ១៤ទៀតសម្រាប់ការប្រគំតន្ត្រីទេសចរណ៍អឺរ៉ុបរបស់នាង។ មួយថ្ងៃក្រោយមកនាយករដ្ឋមន្រ្តីប្រទេសកាណាដា លោក Justin Trudeau (ចាស់ស្ទីន ទ្រូដូ) ក៏បានសរសេរលើ Twitter ថា «សូមកុំភ្លេចមកលេងនៅកាណាដាផង»។ លោកបានសរសេរបន្ថែមថា «សួស្ដី Taylor Swift ខ្ញុំដឹងថាកន្លែងជាច្រើននៅកាណាដា ចង់ឱ្យអ្នកមក ដូច្នេះសូមកុំឱ្យរដូវក្ដៅរបស់យើងកន្លងទៅដោយកម្សត់វេទនាទៀត។ ពួកយើងសង្ឃឹមថាបានជួបអ្នកឆាប់ៗ»