(សៀមរាប)៖ សត្វសំពោចក្រអូប១គូ (ញី១ និងឈ្មោល១) នឹងត្រូវដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ បន្ទាប់ពីដឹកយកពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ កាលពីពេលកន្លងទៅ ក្រោមគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance។
កន្លងមក គម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដចំនួន១៥ក្បាល (កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូសចំនួន៦ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៨ក្បាល (កើតកូនបានចំនួន៥ក្បាល) សត្វឆ្មាដាវចំនួន២ក្បាល កេងកងតូចចំនួន៧ក្បាល កេងកងធំចំនួន៦ក្បាល ព្វាំងចំនួន៧ក្បាល សត្វក្ងោកចំនួន៩ក្បាល សត្វអន្សងចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។
ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ បានអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ បញ្ឈប់ការដាក់អន្ទាក់សត្វគ្រប់ប្រភេទ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕