(សៀមរាប)៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ក្នុងខេត្តសៀមរាប៖ វិទ្យាល័យអង្គរ វិទ្យាល័យ១០មករា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានមកធ្វើទស្សនកិច្ចសិក្សាការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។
ទស្សនកិច្ចនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ទទួលបានការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយដៃគូរអន្តរជាតិ មន្ទីរអប់រំ យុវជន និងកីឡា បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌជូនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួនដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីអំឡុងឆ្នាំ២០០៧មក ក្នុងនោះមានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។
លោកបន្តថា កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់ខេត្តសៀមរាប ត្រូវជ្រើសរើសតំបន់ពីរផ្សេងគ្នា មានតំបន់ប្រាសាទបាគង និងសង្កាត់ក្របីរៀល ក្នុងគោលបំណងចង់ឱ្យសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយ បានស្គាល់អំពីប្រវត្តិសាស្ត្រ និងសហគមន៍ដែលខ្លួនរស់នៅក្នុងតំបន់បេតិភណ្ឌ។
លោកបានបន្តទៀតថា បន្ទាប់ពីការសិក្សានៅក្នុងថ្នាក់រៀនអំពីមូលដ្ឋានគ្រឹះទូទៅ សិស្សានុសិស្សត្រូវចុះមកធ្វើទស្សនកិច្ចសិក្សានៅតាមទីតាំងផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីសំណង់សាសនា បេតិកភណ្ឌ និងការងារស្រាវជ្រាវនានា ដើម្បីទទួលចំណេះដឹងទូទៅសម្រាប់ចូលរួមបន្តថែរក្សាបេតិកភណ្ឌជាតិរបស់ខ្លួន។ ជាក់ស្តែង ការចុះមកធ្វើទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សនៃវិទ្យាល័យចំនួន៣ខាងលើ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះចង់ឱ្យសិស្សានុសិស្សស្វែងយល់ពីវិស័យវិទ្យាសាស្រ្តផ្សេងៗ ប្រើប្រាស់ក្នុងការស្រាវជ្រាវបុរាណវិទ្យា និងការងារអភិរក្សបេតិភណ្ឌទៅថ្ងៃខាងមុខកាន់តែមានភាពល្អប្រសើរ។
សូមបញ្ជាក់ថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃនៃសហរដ្ឋអាមេរិក បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាមួយនៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) មានរយៈពេល៣សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ គ្រោងនិងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តសម័យក្រោយអង្គរ ដោយការធ្វើកំណាយផ្តោតសំខាន់អំពីទួលមនុស្សរស់នៅបុរាណ ការរស់នៅរបស់មនុស្សនៅលើទួល និងសង្គម និងសកម្មភាពសេដ្ឋកិច្ចនានាក្នុងតំបន់៕