(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក បានសហការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវរួមគ្នាមួយនៅទីទួលវិហារបុរាណស្ថិតនៅទិសនិរតី មិនឆ្ងាយប៉ុន្មានពីប្រាង្គប្រាសាទអង្គរវត្ត ដើម្បីសិក្សាអំពីទួលមនុស្សរស់នៅក្នុងទីក្រុងអង្គរផង ព្រមទាំងចង់ដឹងថា តើមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងសហគមន៍ទីក្រុងនៅពេលមានការផ្លាស់ប្ដូរសាសនា និងការប្តូរទីក្រុងពីតំបន់អង្គរទៅភាគខាងត្បូងផង។
លោកបណ្ឌិត ហេង ពិភាល់ បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវ បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវពេលនេះ គឺធ្វើឡើងនៅលើរចនាសម្ពន្ធនៃខឿនព្រះវិហារបុរាណ។
លោកថា រចនាបថសន្លឹកសីមាអាចឱ្យយើងកំណត់អាយុកាលទួលវិហារនេះទៅអំឡុងសតវត្សទី១៤-១៦ ដូច្នេះព្រះវិហារពុទ្ធសាសនាថេរវាទបុរាណនេះ គេកសាងនៅក្នុងបរិវេណប្រាសាទដែលឧទ្ទិសទៅដល់អាទិទេពធំនៃព្រហ្មញ្ញសានា គឺព្រះវិស្ណុ ឬព្រះនារាយណ៍។
បណ្ឌិតរូបនេះបញ្ជាក់ទៀតថា តាមការស្រាវជ្រាវពីមុនបង្ហាញថា នៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺជាកូនក្រុងមួយរបស់រាជធានីអង្គរ ដូច្នេះហើយទើបខ្មែរយើងអ្នកសៀមរាបហៅថា «អង្គរតូច»។ កូនក្រុងនេះមានប្រព័ន្ធទួល ស្រះ និងផ្លូវខ្វាត់ខ្វែងជាក្រឡាចត្រង្គនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ ប្រសិនជាមើលតាមស្នាមក្រឡាចត្រង្គរបស់ក្រុងនេះ យើងឃើញថាទួលព្រះវិហារធ្វើនៅលើទួលដែលធ្លាប់ជាទួលផ្ទះមានមនុស្សរស់នៅតាំងពីសតវត្សទី១២មកម៉្លេះ។ ដូច្នេះហើយអ្នកស្រាវជ្រាវចម្រុះស្ថាប័នចង់ដឹងថា តើទីតាំងមនុស្សរស់នៅកន្លែងនេះអាចបន្សល់នូវភស្តុតាងអ្វីខ្លះទាក់ទងជាមួយនឹងការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញ និងពុទ្ធសាសនាមហាយានទៅជាពុទ្ធសាសនាថេរវាទនៅចុងសម័យអង្គរ ដែលស្រុកខ្មែរកំពុងតែប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ?
គេដឹងថាជាយូរមកហើយអ្នកភូមិ អ្នកក្រុងអង្គរធ្លាប់គោរពបូជាលទ្ធិព្រហ្មញ្ញសាសនា ដូច្នេះសំណួរពីក្រុមអ្នកស្រាវជ្រាវ គឺថាតើខឿនព្រះវិហារព្រះពុទ្ធសាសនានៅក្នុងបរិវេណប្រាសាទអង្គរវត្តនេះ គេធ្វើឡើងដើម្បីអ្វី? សម្រាប់អ្នកណា? ឬមួយក៏នៅអំឡុងសតវត្សទី១៣-១៤ ទីក្រុងអង្គរបានដូរពីការគោរពព្រហ្មញ្ញសាសនាមកកាន់ពុទ្ធសាសនាថេរវាទនៅក្នុងពេលដែលទីក្រុងអង្គរនៅមានប្រជាជនរស់នៅច្រើននៅឡើយនោះ? ឬព្រះវិហារនេះគេកសាងនៅសម័យក្រោយនាសតវត្សទី១៦ នៅពេលដែលព្រះអង្គចន្ទយាងមកក្រុងអង្គរវិញ?
លោកបណ្ឌិត ហេង ពិភាល បានឱ្យដឹងទៀតថា តាមការស្រាវជ្រាវព្រះវិហារបុរាណនៃពុទ្ធសាសនាថេរវាទដែលនៅជិតប្រាង្គប្រាសាទអង្គរវត្តនេះ ត្រូវគេទុកចោលយូរធ្វើឱ្យមានខូចខាតនូវរចនាសម្ពន្ធអស់ ព្រមទាំងមានដីចាក់បង្គរដែលលប់ពីលើវិហារនេះស្ទើរទាំងស្រុង ទើបយើងពុំដឹងថាតើព្រះវិហារនោះគេសាងសង់ពីអ្វីខ្លះ? រូបរាងយ៉ាងម៉េច? តើមានកម្រាលថ្មឬអត់? តើធ្លាប់មានអ្វីខ្លះនៅទីតាំងនេះ? ក្រុមអ្នកស្រាវជ្រាវមានគោលបំណងធំ គឺប្រមូលយកសំណាកធ្យូង និងសំណាកអរហ្កានិកផ្សេងៗនៅបាតរណ្តៅកំណាយយកទៅវិភាគកំណត់អាយុកាលទៅតាមកាបូន១៤។ កាលណាគេរកឃើញធ្យូងឬឆ្អឹងសត្វយកទៅវិភាគនោះ គេនឹងអាចដឹងថា តើព្រះវិហារបុរាណនៃពុទ្ធសាសនាថេរវាទដែលសាងសង់នៅលើទួលបុរាណនោះ កើតមានតាំងពីជំនាន់ណា?
ក្រុមអ្នកស្រាវជ្រាវឱ្យដឹងថា នៅបរិវេណនៃប្រាសាទអង្គរវត្ត គេឃើញមានស្លាកស្នាមខឿនព្រះវិហារនៃពុទ្ធសាសនាថេរវាទសម័យបុរាណចំនួន២ គឺទី១នៅទិសនិរតី និងមួយទៀតនៅទិសពាយ័ព្យ ដែលបច្ចុប្បន្ននៅមានសំណង់បុស្បុកតម្កល់ព្រះពុទ្ធមួយអង្គ៕