(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានសហការ លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី ដែលធនាគារ ព្រីនស៍ នឹងដើរតួជាស្ថាប័នផ្តល់ឥណទាន ដើម្បីផ្តល់ប្រាក់កម្ចីដល់សហគ្រាស ដែលគ្រប់គ្រងដោយស្ត្រី ដោយមាន CGCC ជាសហគ្រាសសាធារណៈ ដែលផ្តល់ការធានាលើកម្ចីអាជីវកម្ម។
កិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ ត្រូវបានចុះហត្ថលេខារវាង លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងសមាជិកក្រុមប្រឹក្សាភិបាលចំនួនប្រាំរូបនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ និងសាជីវកម្មធានាឥណទានកម្ពុជា។
នៅឆ្នាំ២០២១ ធនាគារ ព្រីនស៍ ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ដែលចូលរួមដោះស្រាយបញ្ហាប្រឈមនៃកង្វះទ្រព្យធានា សម្រាប់ប្រាក់កម្ចី របស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងអំឡុងពេលប្រតិបត្តិការអាជីវកម្មជួបជាមួយបញ្ហាប្រឈមបណ្តាលមកពី ជំងឺរាតត្បាតកូវីដ១៩។
លោក ហ៊ន់ សុរចនា បានថ្លែងថា នៅឆ្នាំនេះ «ជាថ្មីម្តងទៀត យើងនៅតែខ្នះខ្នែងក្នុងការបន្តការគាំទ្ររបស់យើង ចំពោះការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក តាមរយៈគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី របស់ CGCC និងធនាគារព្រីសន៍ ដែលនឹងផ្តល់ប្រាក់កម្ចីដែលមានការធានាជាពិសេសដល់សហគ្រិនស្ត្រី ឬMSMEs ដែលគ្រប់គ្រងដោយស្ត្រី ដែលមានការលំបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងមានតម្រូវការទុនបន្ថែម ដើម្បីពង្រីក ឬវិនិយោគ ឬទ្រទ្រង់អាជីវកម្មរបស់ពួកគេ»។
នៅក្រោមគម្រោងនេះ CGCC នឹងផ្តល់ការធានាឥណទានរហូតដល់ ៨០% នៃទំហំឥណទាន ជាមួយនឹងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញ និងរយៈពេលឥណទានរហូតដល់ ៦ឆ្នាំ ពីធនាគារ ព្រីនស៍។
លោក ហ៊ន់ សុរចនា បានថ្លែងថា លោកពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ CGCC ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក ដោយគាំទ្រដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍ទាំងមូល។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍។
ការចូលរួម និងការរួមចំណែករបស់ស្រ្តីម្នាក់ៗ មានសារៈសំខាន់ណាស់នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចទាំងមូល ហើយសមត្ថភាព និងការតាំងចិត្តដ៏មុតមាំរបស់ពួកគាត់គួរទទួលបានការកោតសរសើរ និងការគោរព ព្រមទាំងគួរទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង សម្រាប់ការបន្តអភិវឌ្ឍឆ្ពោះទៅរកភាពជោគជ័យ។
លោកបន្តថា នៅក្រោមគម្រោងធានាឥណទានជាកញ្ចប់ សម្រាប់សហគ្រិនស្រ្តីនេះ យើងមានគោលបំណងផ្តល់នូវលំហូរសាច់ប្រាក់ដែលមានភាពងាយស្រួល និងកាន់តែប្រសើរ ជាមួយនឹងលក្ខខណ្ឌពិសេសដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ដែលគ្រប់គ្រងដោយស្ត្រី ដើម្បីផ្តល់នូវការគាំទ្របន្ថែម លើការទទួលបានដើមទុន សម្រាប់ការវិនិយោគ និងការទ្រទ្រង់និរន្តរភាពអាជីវកម្មរបស់ពួកគាត់។
វាតែងតែជាអាទិភាពចម្បងរបស់ធនាគារ ក្នុងការគាំទ្រដល់បុគ្គល និងអាជីវកម្មកម្ពុជាលើតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើង កំពុងបន្តខិតខំប្រឹងប្រែង កាន់តែខ្លាំងក្នុងការលើកកម្ពស់ផលិតផល និង សេវាកម្ម របស់យើងឲ្យកាន់តែមានភាព ងាយស្រួល សម្រាប់ ប្រជាជន កម្ពុជាក្នុងការប្រើប្រាស់។
លោក Wong Keet Loong បានមានប្រសាសន៍ឱ្យដឹងថា គម្រោងធានាឥណទានជាកញ្ចប់ ជាមួយធនាគារព្រីនស៍នេះ បានបង្កើតឡើងជាពិសេស សម្រាប់គាំទ្រដល់សហគ្រិនស្រ្តី តាមរយៈកម្ចីដែលមានការធានា។
លោកបន្តថា «យើងសង្ឃឹមថា ជាមួយនឹងបណ្តាញដ៏រឹងមាំរបស់ធនាគារព្រីនស៍ យើងនឹងអាចបង្កើនការធានាឥណទានទៅកាន់អាជីវកម្ម ដែលគ្រប់គ្រងដោយស្រ្តីជាច្រើនទៀត។ មកដល់បច្ចុបន្ននេះ CGCC បានផ្តល់ការធានាប្រមាណ ៤០% នៃទំហំកម្ចីសរុប ដែលមានការធានាប្រមាណ ១៣០លានដុល្លារ ដែលស្មើនឹង៥០លានដុល្លារទៅកាន់សហគ្រិនស្រ្តីខ្នាតមីក្រូ តូច និងមធ្យម (MSMEs)»។
លោកអគ្គនាយកក៏បានបន្ថែមទៀតថា គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ ក៏បានផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាមួយនឹងអត្រាការប្រាក់ និងកម្រៃធានាឥណទានដែលទាបជាងមុន សម្រាប់ឆ្នាំដំបូង ដែលនឹងសម្រួលដល់សហគ្រិនស្រ្តី MSMEs អាចមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានដែលមានតម្លៃទាបជាងមុន។
គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី (PGS) មានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។ ធនាគារ ព្រីនស៍ អាចផ្តល់ប្រាក់កម្ចីដែលមានការធានាដល់សហគ្រិនស្ត្រីដោយមិនចាំបាច់ទទួលបានការអនុម័តការធានាពីCGCC លើប្រាក់កម្ចីនីមួយៗមុនពេលផ្តល់ប្រាក់កម្ចីនោះឡើយ។
សូមទៅកាន់សាខាធនាគារ ព្រីនស៍ដែលនៅជិតបំផុតនៅថ្ងៃនេះ ដើម្បីដាក់ពាក្យស្នើឥណទាន ក្រោមគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី (PGS) ឬទំនាក់ទំនងលេខ៖ 1800 20 8888 (ឥតគិតថ្លៃ) សម្រាប់ព័ត៌មានបន្ថែម។
អំពីធនាគារ ព្រីនស៍ ម.ក ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី» ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជន។
ធនាគារ ព្រីនស៍ ម.ក មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៤ និងទីតាំងអេធីអឹមចំនួន៨២ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
អំពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានា ឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែក ហា និភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ៕