(សៀមរាប)៖ សាលាបារាំងចុងបូព៌ា (EFEO) ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបំពេញការងារអភិរក្ស និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ បានប្រគល់វត្ថុបុរាណចំនួន៣១កេស បដិមាព្រះពុទ្ធចំនួន១ និងបំណែកសន្លឹកសីមាចំនួន១ ជូនអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរក្សាទុកបន្ទាប់ពីបានសិក្សាស្រាវជ្រាវ និងរៀបចំបញ្ជីសារពើភណ្ឌរួចរាល់។
លោក ទិន ទីណា ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា វត្ថុបុរាណទាំងអស់ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់មកអាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ ដូចជា គោកតាសៀម បឹងដូនប៉ា ប្រាសាទអ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទព្រៃមន្ទីរ។ លោកបានបញ្ជាក់ទៀតថា វត្ថុទាំងនេះរួមមាន ទី១ កុលាលភាជន៍មកពីប្រាសាទបាភួនចំនួន២៧កេស ដែលក្នុងនោះ មានប្រភេទកុលាលភាជន៍រឹង កុលាលភាជន៍ផុយជារបស់ខ្មែរ និងកុលាលភាជន៍ចិន សៀម យួនជាដើម។ ទី២ ថ្មភក់ចំនួន២កេស ដែលមកពីគោកតាសៀម។ ទី៣ បំណែកថ្មភក់មានក្បាច់លម្អខ្លះៗចំនួន២កេស មកពីបឹងដូនប៉ា និងគោកតាសៀម ព្រមទាំងប្រាសាទអ៊ុងម៉ុង។ ទី៤ បដិមាព្រះពុទ្ធចំនួន១ មកពីប្រាសាទអ៊ុងម៉ុង និងបំណែកសន្លឹកសីមាចំនួន១ មកពីប្រាសាទព្រៃមន្ទីរ។
លោក ទិន ទីណា បន្តឱ្យដឹងទៀតថា ក្រោយពីទទួលបានវត្ថុទាំងអស់នេះ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរានឹងរៀបចំទុកដាក់អភិរក្សតាមលក្ខណៈបច្ចេកទេស ហើយនៅថ្ងៃខាងនេះ អាជ្ញាធរជាតិនឹងរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីតាំងបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ។
សូមរំឮកដែរថា នេះជាលើកទី៣ហើយ ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុដែលបានមកពីកំណាយនៅតាមការដ្ឋានស្រាវជ្រាវ និងការដ្ឋានជួសជុលប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរមកដល់អាជ្ញាធរជាតិអប្សរា៕