(ឡុងដ៍)៖ ក្លិប Newcastle United បានសម្រេចចុះកិច្ចសន្យាខ្ចីជើងខ្សែការពារ Lewis Hall ក្នុងរយៈពេល ១រដូវកាល ផ្ទេរមកពីក្លិប Chelsea ជាមួយនឹងជម្រើសអាចផ្ទេរជាអចិន្ត្រៃយ៍ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យពាក់ព័ន្ធនឹងទម្រង់លេង។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Premier League បានប្រកាស ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
ខ្សែការពារមានវ័យ ១៨ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Chelsea ចាប់តាំងពីមានវ័យ ៨ឆ្នាំមកម្ល៉េះ ដោយបានបង្ហាញខ្លួនលើកដំបូង ក្នុងក្រុមជម្រើសដំបូងរបស់ក្លិបកាលពីខែមករា ឆ្នាំ២០២២ និងបានបង្ហាញខ្លួនសរុប ១២លើក សម្រាប់ក្លិប Chelsea ក្នុងការប្រកួតទាំងអស់។
ខណៈខ្សែការពារ Hall បានក្លាយជាកីឡាករទី៥ ហើយ ដែលបានចុះកិច្ចសន្យាជាមួយក្លិប Newcastle ក្នុងរដូវកាលដោះដូរកីឡាករនេះ ហើយអ្នកចាត់ការលោក Eddie Howe បានរីករាយដែលបន្ថែមកីឡាករវ័យក្មេងរូបនេះ ចូលក្នុងក្រុមរបស់លោក នាមជាកីឡាករអន្តរជាតិអង់គ្លេស កម្រិត U-21 នឹងពាក់អាវលេខ២០ នៅក្លិប Newcastle United៕