(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ដែលមានចក្ខុវិស័យសំដៅជំរុញការរីកចម្រើនសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា។

កិច្ចសហការនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ដើម្បីផ្តល់ជាដំណោះស្រាយទៅដល់ SMEs ដែលមានបញ្ហាប្រឈមជាមួយនឹងកង្វះខាតទ្រព្យធានានៅពេលស្នើឥណទានពីគ្រឹះស្ថានធនាគារ ក៏ដូចជាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោម SMEs ជាពិសេសសម្រាប់សមាជិក FASMEC នៅទូទាំងប្រទេសនៅកម្ពុជា។
កិច្ចសហការនេះ អាចសម្រេចទៅបានតាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដោយធនាគារ វីង ដែលមិនតម្រូវឲ្យមានទ្រព្យធានា ជាមួយនឹងការធានាឥណទានពី CGCC ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋ។

លោក Wong Keet Loong អគ្គនាយក CGCC បានថ្លែងថា​ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វីង និង FASMEC ក្នុងឆ្នាំនេះ ដើម្បីបង្កើនការគាំទ្រដល់សមាជិករបស់ FASMEC ឲ្យទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារ វីង ឲ្យកាន់តែទូលំទូលាយជាងមុន។ យើងខ្ញុំជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអាចឲ្យ CGCC ជួយដល់ SMEs ជាច្រើនទៀតក្នុងអំឡុងពេលនៃកម្មវិធីផ្សព្វផ្សាយនានារបស់យើងខ្ញុំ ជាពិសេសការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅទូទាំងខេត្ត-ក្រុង ដែលជាផ្នែកមួយនៃគោលដៅរយៈពេលវែងរបស់ CGCC ដើម្បីជំរុញការអភិវឌ្ឍទៅដល់ SMEs»។

CGCC ដែលជាស្ថាប័នធានាឥណទានគ្រប់គ្រងដោយរដ្ឋដំបូងគេនៅកម្ពុជា ប្រតិបត្តិការក្រោមការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងជំរុញអាជីវកម្មក្នុងស្រុក ដោយផ្តល់ការគាំទ្រឥណទានទាន់ពេលវេលា។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ CGCC បានផ្តល់ការធានាឥណទានដោយជោគជ័យទៅដល់ ១​,៦៤៨ សហគ្រាសជាមួយនឹងទំហំឥណទាន ១៣៩.៥ លានដុល្លារអាមេរិក។ ក្នុងចំណោមនោះ មានប្រមាណ ៩២ ភាគរយ គឺជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ហើយមាន ៨ ភាគរយគឺជាសហគ្រាសខ្នាតធំ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា «តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាភាពជាដៃគូសហការជាមួយ CGCC និង FASMEC យើងខ្ញុំមានការតាំងចិត្តជួយសម្រួលទៅដល់ SMEs ដើម្បីអាចទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន»។

លោក ហាន ប៉េងក្វាង បានបន្តថា «តាមរយៈការផ្តល់សេវាធនាគារដែលមានភាពបត់បែន និងការគាំទ្រផ្នែកឥណទានដ៏ល្អប្រសើរ យើងនឹងអាចជួយទៅដល់ SMEs ក្នុងការចាប់យកាលានុវត្តភាពរីកលូតលាស់ នវានុវត្តន៍ភាព និងរួមចំណែកដល់វិបុលទាំងមូលនៅក្នុងប្រទេសកម្ពុជា»

SMEs ដែលជាសមាជិករបស់ FASMEC មិនត្រឹមតែអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ វីង ដោយមានការធានាដោយ CGCC ប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានឱកាសផ្សារភ្ជាប់ កាន់តែទូលំទូលាយជាមួយអតិថិជនសក្តានុពល អ្នកលក់ និងអ្នកផ្គត់ផ្គង់ផងដែរ នោះគឺមានការជួយសម្រួលតាមរយៈប្រព័ន្ធអ៉ីកូឡូស៊ីរបស់ វីង។

ធនាគារ វីង ផ្តល់នូវដំណោះស្រាយងាយស្រួលទៅដល់វិស័យលក់រាយ តាមរយៈថ្នាលឌីជីថលរបស់ខ្លួនគឺ WingPay ដែលជួយសម្រួលប្រតិបត្តិការទៅដល់ប្រព័ន្ធអ៉ីកូឡូស៊ីរបស់ វីង មានដូចជា៖ Wingmarket, WingAgri និង Wingmall ដែលថ្នាលឌីជីថលទាំងនេះអាចជួយផ្សារភ្ជាប់រវាងអាជីវកម្មជាមួយនឹងអាជីវកម្ម (B2B) និងរវាងអាជីវកម្មជាមួយអ្នកទិញ (B2C) បានយ៉ាងងាយស្រួល។

ថ្នាលឌីជីថល Wingmarket ផ្តល់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ ពោលគឺជួយសម្រួលការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់នៃដំណើរការសហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាសាជីវកម្មនានាឲ្យបានកាន់តែល្អប្រសើរ។ ចំពោះថ្នាលឌីជីល WingAgri វិញគឺជាទីផ្សារពាណិជ្ជកម្មអនឡាញដោយផ្តោតលើផលិតផលកសិកម្មដែលអាចទុកចិត្តបាន ដើម្បីជួយផ្សារភ្ជាប់កសិករ និងអ្នកទិញតាមរយៈផ្សារឌីជីថល។ ចំណែកឯ ថ្នាលឌីជីល Wingmall គឺជាទីផ្សារទំនិញតាមអនឡាញដែលមានការគាំំទ្រ និងឈានមុខគេមួយ មានចំនួនហាងលក់ទំនិញ ក៏ដូចជាអាហារដ្ឋានយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប្រើប្រាស់ ដើម្បីសម្រួលប្រតិបត្តិការទិញ-លក់ប្រកបដោយភាពរលូន ហើយថែមទាំងអាចធ្វើឲ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែងាយស្រួល។

ភាពជាដៃគូយុទ្ធសាស្ត្ររវាង CGCC, FASMEC, និងធនាគារ វីង គឺត្រៀមខ្លួនជាស្រេចដើម្បីជំរុញបរិយាកាសគាំទ្រ ក្នុងការទទួលបានហិរញ្ញវត្ថុ ហើយថែមទាំងផ្តល់ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពជួយដល់ SMEs អាចទទួលសេវាហិរញ្ញវត្ថុ ក៏ដូចជាជួយដោះស្រាយបញ្ហាប្រឈមទៅដល់ SMEs ងាយស្រួលទទួលបានឥណទាន ហើយថែមទាំងបង្កើនលទ្ធភាពលក់ផលិតផលទៅក្នុងទីផ្សារបានកាន់តែទូលំទូលាយ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានថ្លែងថា៖ “យើងពិតជាសប្បាយរីករាយក្នុងការចាប់ដៃគូជាមួយនឹងធនាគារ វីង និងសាជីវកម្មធានាឥណទានកម្ពុជា ព្រោះវាជាការផ្តល់ឱកាស ដល់សហគ្រាសខ្នាតតូចនិងមធ្យម ជាសមាជិកសមារបស់ FASMEC ដែលកំពុងមានបញ្ហាប្រឈមកង្វះទ្រព្យធានា ដើម្បីអាចទទួលបាននូវហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេឲ្យបានកាន់តែរីកចម្រើន”
យោងតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុកបានបង្ហាញថា គិតត្រឹមឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ការចុះបញ្ចីចំនួន ៤៣.៩៧៤ សហគ្រាសខ្នាតតូច និងមធ្យម។ សហគ្រាសទាំងនេះបានបង្កើតឱកាសការងារទៅដល់ពលរដ្ឋកម្ពុជាជាង ៤៤៤.៥០៤នាក់។ សហគ្រាសខ្នាតតូច និងមធ្យមមានប្រហែល ៩០ ភាគរយ នៃសហគ្រាសទាំងអស់ដែលរួមចំណែក ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០ ភាគរយនៃកម្លាំងពលកម្មទាំងមូល។
សមាជិក FASMEC អាចអញ្ជើញមកកាន់គ្រប់សាខាធនាគារ វីង ដើម្បីស្នើសុំឥណទាន ដែលបុគ្គលិកជំនាញបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។ បន្ថែមលើនេះ សមាជិក FASMEC ក៏អាចធ្វើការទំនាក់ទំនងជាមួយបុគ្គលិករបស់ធនាគារ វីង ក្នុងអំឡុងពេលកម្មវិធីវគ្គបណ្តុះបណ្តាលដែល នឹងរៀបចំដោយ FASMEC នៅទូទាំងប្រទេសកម្ពុជា៕