(សៀមរាប)៖ ក្រុមអ្នកជំនាញអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលស្លាបខាងត្បូងនៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីស្ថិតនៅដំណាក់កាលទី២ ខណៈផ្នែកស្លាបខាងត្បូងនៃខ្លោងទ្វារខាងលិចប្រាសាទនេះដែរ កំពុងទទួលរងការខូចខាតទ្រុឌទ្រោមខ្លាំងដោយសារកត្តាអាយុកាលរបស់ថ្ម ដើមឈើដុះចាក់ឫសចូលតាមថ្នេរថ្មចូលខឿន និងចូលក្នុងគ្រឹះ។
បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី លោកស្រី នេត ស៊ីមន បានឱ្យដឹងថា ដំណាក់កាលទី២នៃការងារជួសជុល គឺត្រូវប្រើ២ដំណាក់កាល ដោយដំណាក់កាលទី១ គឺសិក្សាទាំងរូបរាង ទម្រង់នៃស្ថានភាពរបស់ខ្លោងទ្វាររួចហើយ ព្រមទាំងបានប្រមូលព័ត៌មាន និងរៀបចំឯកសាររួចរាល់ដែរ។ ចំណែកដំណាក់កាលទី២ គឺចាប់ផ្តើមអនុវត្តគម្រោងជួសជុលតែម្តង ក្នុងនោះគឺមានការរុះរើថ្មចាប់ពីផ្នែកដំបូលរហូតដល់គ្រឹះ ត្រូវពង្រឹងគ្រឹះរួចហើយត្រូវរៀបចំផ្គុំថ្មទាំងនោះចូលតាមស្ថានភាពដើមវិញ ដោយប្រើបច្ចេកទេសដូចសម័យបុរាណ និងប្រើជំនួយគ្រឿងចក្រចាំបាច់មួយចំនួន។
លោកស្រី នេត ស៊ីមន បានឱ្យដឹងទៀតថា កាលពីឆ្នាំ២០២២ ក្រុមការងារធ្លាប់បានសិក្សាគ្រឹះ និងបានរកថ្មដែលរលុះធ្លាក់ ហើយការជួសជុលខ្លោងទ្វារប្រៀបធៀបដូចជារៀបប្រាសាទពីរនៅជិតគ្នា ហើយបញ្ចូលគ្នាតែ១ ដោយធ្នឹមភ្ជាប់គ្នារួចទើបរៀបថ្មមានមុខ៤ដាក់ពីលើ។ ការងាររបៀបនេះបានធ្វើឱ្យក្រុមការងារជួបការលំបាកមួយចំនួនដែរ។
សូមរំឭកថា ខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តីទទួលរងការខូចខាតទ្រុឌទ្រោមខ្លាំងដោយសារកត្តាអាយុកាលរបស់ថ្ម ដើមឈើដុះចាក់ឫសចូលតាមថ្នេរថ្មចូលខឿន និងចូលក្នុងគ្រឹះ ជាហេតុធ្វើឱ្យថ្មរបើកគ្រេចចេញពីគ្នា។ បញ្ហាមួយទៀត គឺសត្វកណ្តៀរក៏បានពាំដីចេញពីគ្រឹះ បណ្តាលឱ្យមានរន្ធប្រហោងខាងក្រោម ដែលនាំទឹកភ្លៀងហូរជ្រាបចូលតាមចន្លោះថ្មទៅក្នុងគ្រឹះ បណ្តាលឱ្យគ្រឹះខ្សោយមិនរឹងមាំ និងទ្រេតស្រុតតាមនោះដែរ៕