(បរទេស)៖ លោកស្រី Michelle Yeoh ដែលជាប់ឈ្មោះជាតារាសម្តែងអាស៉ីដំបូងគេ ត្រូវបានតែងតាំងសម្រាប់ពាន «តារា សម្តែងឆ្នើម» ក្នុងកម្មវិធី Oscar ឆ្នាំ២០២៣នេះ ត្រូវបានបញ្ចូលជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បន្ទាប់ពីគេឃើញថា ឈ្មោះរបស់លោកស្រីបានបញ្ចូលក្នុងបញ្ជីសមាជិកថ្មីចំនួនប្រាំបីនាក់ផ្សេងទៀត នាពេលថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈការសម្តែងក្នុងភាពយន្ត «Everything Everywhere All At Once» បញ្ចូលគ្រប់រសជាតិទាំងកំប្លែង វិទ្យាសាស្រ្ត និងវាយប្រហារ បានធ្វើឲ្យតារាសម្តែងម៉ាឡេស៉ី លោកស្រី Michelle Yeoh ជាប់ឈ្មោះជាតារាសម្តែងអាស៉ីដំបូងគេ ដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Oscar ឆ្នាំនេះ។ សមាជិកភាព IOC ដែលត្រូវបានស្នើឡើងរបស់លោកស្រី នឹងត្រូវបានផ្តល់បច្ចាប័ននៅក្នុងសម័យប្រជុំនៅទីក្រុងប៊ុមបៃនាខែក្រោយ។

យោងតាមការចុះផ្សាយបានឲ្យដឹងថា IOC គឺជាអាណាព្យាបាលនៃកីឡា អូឡាំពិក និងជាអ្នកដឹកនាំចលនា អូឡាំពិក តាមរយៈពាក្យថា «ចក្ខុវិស័យរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ គឺដើម្បីកសាងពិភពលោកឱ្យកាន់តែប្រសើរឡើងតាមរយៈកីឡា»៕