(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតឈីបកំពូលរបស់តៃវ៉ាន់ TSMC បានប្រាប់អ្នកផ្គត់ផ្គង់ធំៗរបស់ខ្លួនឱ្យពន្យារពេលក្នុងការចេញលក់ឧបករណ៍មួយចំនួនដែលដំណើរការដោយបន្ទះឈីបកម្រិតខ្ពស់ ខណៈខ្លួនកំពុងជួបបញ្ហាក្នុងការផលិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

នេះមិនមែនជាលើកទី១ នោះទេដែល TSMC បានជូនដំណឹងពន្យារពេលក្នុងការចេញលក់បន្ទះឈីបជំនាន់ចុងក្រោយរបស់ខ្លួនដល់ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើន ព្រោះថាកន្លងមកក្រុមហ៊ុននេះក៏ធ្លាប់ជួបបញ្ហានេះផងដែរ។

យោងតាមខ្លឹមសារចេញផ្សាយពីប្រភពជាច្រើនរួមមាន CNBC, Manufaturing Dive និង Bloomberg បានឱ្យដឹងថាមូលហេតុដែល TSMC ពន្យារពេលការចេញលក់នេះគឺ ដោយសារតែបញ្ហាខ្សែសង្វាក់ផលិតកម្មដែលមានទីតាំងរោងចក្រនៅរដ្ឋ Arizona ដោយសារតែកង្វះកម្លាំងពលកម្មជំនាញ និងកង្វះបុគ្គលិកឯកទេសដែលមានជំនាញក្នុងការដំឡើងឧបករណ៍បន្ទះឈីប។ ដូច្នេះហើយទើប TSMC បង្ខំចិត្តពន្យាពេលក្នុងការចាប់ផ្តើមដំណើរការផលិតកម្មនៅរោងចក្រនោះ។

ដូចដែលបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះ TSMC បានបោះទុនប្រមាណ ៤០ពាន់លានដុល្លារទៅលើរោងចក្រ Arizona សហរដ្ឋអាមេរិក ខណៈដែលរោងចក្រនោះត្រូវបានគេរំពឹងថា នឹងក្លាយជារោងចក្រដ៏ធំជាងគេបំផុត នឹងមានសមត្ថភាពក្នុងការផលិតបន្ទះឈីបបានចំនួនច្រើនសម្រាប់ផ្គត់ផ្គង់នៅឆ្នាំ២០២៣នេះ។

គួរជម្រាបដែរថា ការពន្យារពេលនេះមិនត្រូវបានគូសបញ្ជាក់ពីពេលវេលាលម្អិតដោយ TSMC នោះទេ តែបញ្ហានេះត្រូវបានគេរំពឹងថា នឹងមានរយៈពេលដល់ឆ្នាំ២០២៥ ឯណោះទើបមានដំណើរការល្អប្រសើរឡើងវិញ៕