(ភ្នំពេញ)៖ កម្ពុជាបានបញ្ជូនអត្តពលិកកីឡាទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីលើកទី១៩ ឆ្នាំ២០២៣ នៅទីក្រុងហាងចូវ (Hangzhou) ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដែលមានចំនួន១៧វិញ្ញាសា រួមមាន៖ វិញ្ញាសាកីឡាបាល់ទះ បាល់បោះ អត្តពលកម្ម ហែលទឹក គ្រិកឃីត យូដូ ចំបាប់ វាយសី ជឺជីតស៊ូ ការ៉ាតេ ទូកក្ដោង តេក្វាន់ដូ WT ទ្រីយ៉ាត្លុង ទូកប្រពៃណី សូហ្វតិន្នីស អុកចិន និងកីឡាគុនដាវ។
គួរជម្រាបថា ព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីលើកទី១៩ នៅទីក្រុងហាងចូវនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដែលបានលើកពីឆ្នាំ២០២២ មកឆ្នាំ២០២៣ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ គេកំណត់ពាក្យស្លាកថា Heart to Heart, @Future។
លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានស្តីទីសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនគណៈប្រតិភូ២រូប និងកីឡាករចំនួន៣រូប រួមមាន៖ ១-លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ, ២-លោក ម៉េង វ៉ាង ទីប្រឹក្សាសហព័ន្ធ, ៣-កីឡាករ ញ៉ូវ ចាន់ អាយុ២១ឆ្នាំ ប្រកួតលើវិញ្ញាសា ILCA7 Men, ៤-កីឡាករ កែវ ភារុណ អាយុ១៩ឆ្នាំ ប្រកួតលើវិញ្ញាសា Windsurfing RS:X និង៥-កីឡាករ កែវ ភានុន អាយុ១៩ឆ្នាំ ប្រកួតលើវិញ្ញាសា Wind Foiling iQ:Foil ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីលើកទី១៩ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្តោងនីងប៉ (Ningbo Xiangshan Sailing Center) ក្នុងទីក្រុងនីងប៉ ខេត្តជឺជាំង ដោយចាប់ផ្តើមការប្រកួតពីថ្ងៃទី១៩-២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានប្រទេសចូលរួមសរុបចំនួន១៨ប្រទេស និងមានកីឡាករ-កីឡាការិនីសរុបប្រមាណ១៥០នាក់ ប្រកួតលើវិញ្ញាសាសរុបចំនួន១៤ ក្នុងនោះវិញ្ញាសាបុរសចំនួន៦ វិញ្ញាសានារីចំនួន៦ និងវិញ្ញាសាចម្រុះចំនួន២។
លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ថា ដោយឃើញពីសមត្ថភាព និងលទ្ធផលជោគជ័យនៃការរៀបចំការប្រកួតកីឡាទូកក្តោង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ កន្លងទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ចូលវិញ្ញាសាទូកក្ដោងនេះឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើនេះដែរ។
លោក ថោង រដ្ឋសក្តិ បានសុទិដ្ឋិនិយមថា ការចូលរួមក្នុងការប្រកួតនេះ គឺជាឱកាសដ៏ល្អមួយរបស់ក្រុមកីឡាករទូកក្តោងវ័យក្មេងកម្ពុជា ក្នុងការប្រកួតប្រជែង និងដកស្រង់បទពិសោធន៍ល្អៗពីកីឡាករ-កីឡាការិនី ដែលមកពីប្រទេសក្នុងទ្វីបអាស៊ី ដើម្បីត្រៀមបន្តចូលរួមការប្រកួត SEA Games លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ, លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងលើកទី៣៥ ២០២៩ នៅប្រទេសសិង្ហបុរី ជាពិសេសយកបទពិសោធន៍ល្អៗដើម្បីបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីវ័យក្មេងជំនាន់ក្រោយក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៤ ឆ្នាំ២០១៩ (Asian Youth Games 2029)ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡានៅកម្ពុជា៕