(ភ្នំពេញ)៖ អ្នកគាំទ្រវិស័យបាល់ទាត់មិនតិចនោះទេ បានចាប់អារម្មណ៍នឹងសម្ដីអ្នកចាំទី ហ៊ុល គឹមហ៊ុយ សមាជិកក្រុមវិសាខា មុនជំនួបដ៏តានតឹងជាមួយក្រុមភ្ញៀវភ្នំពេញក្រោន នៃលីគកំពូលកម្ពុជា (CPL) កាលពីយប់មិញ ដែលរូបគេបានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា “យើងនឹងប្រែងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបញ្ជាក់ថា យើងគឺជាក្រុមមួយដែលខ្លាំងជាងគេនៅក្នុងប្រទេស”។

បន្ទាប់ពីពោលពាក្យប៉ុន្មានម៉ាត់នេះ មានអ្នកគាំទ្រមួយចំនួន បានចាត់ទុកសម្ដីនេះ គឺជាការតាំងចិត្ត និងប្ដេជ្ញាចិត្តរបស់កីឡាករ តែមានមហាជនមួយចំនួន បានប្រតិកម្មអវិជ្ជមាននឹងការលើកឡើងរបស់អ្នកចាំទី ដែលទើបផ្ទេរមកពីក្រុមនាគខៀវបឹងកេតរូបនេះថា ជាការអួតអាងទៅវិញ។

ក្រោយរងប្រតិកម្មពីមហាជន បន្ទាប់ពីចប់ការប្រកួតជាមួយភ្នំពេញក្រោន គឹមហ៊ុយ បានបកស្រាយលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «...ខ្ញុំមិនមានបំណងអួតអាងអ្វីទេ ខ្ញុំតែងតែគោរពដល់គូប្រកួត ដូចដែលបងប្អូនបានដឹង ភ្នំពេញក្រោន គឺជាក្រុមមួយដែល ២ឆ្នាំចុងក្រោយនេះ ក្រសោបយកពានជាច្រើននៅកម្ពុជា។ សាកគិតមើល បើវិសាខាឈ្នះក្រុមដែលឈ្នះ ដែលកាន់កាប់ពានច្រើនជាងគេ នោះយើងនឹងក្លាយជាក្រុមមួយដែលល្អជាងគេ? (និយាយឲ្យខ្លីមក បើឈ្នះក្រុមដែលខ្លាំងជាងគេ យើងនឹងជំនួសក្រុមដែលខ្លាំងជាងគេនោះ)»។

ផ្អែកតាមសំណេរកាត់ស្បៃរាត្រីខាងលើ សមាជិកក្រុមជម្រើសជាតិកម្ពុជាដដែលបន្ថែមថា «សង្ឃឹមថាបងប្អូនយល់ ព្រោះមនុស្សប្អូន មិនដែលចេះអួតអាង ឬអំណួតអ្វីទេ ព្រោះដឹងច្បាស់ថាកីឡាមានឡើងមានចុះ មានចាញ់ មានឈ្នះ ហើយយើងមានគោលដៅតែមួយ គឺជំរុញគ្នាទៅវិញទៅមក»។

ក្រឡេកមកចាប់អារម្មណ៍ ជំនួបដ៏តានតឹងខាងលើវិញ គឺភ្នំពេញក្រោន បានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ១-០។ ១គ្រាប់ដែលជួយឲ្យក្រុមភ្ញៀវសិង្ហក្រហម ទទួលបាន ៣ពិន្ទុទៅផ្ទះវិញ ធ្វើសម្រេចដោយកីឡាករ Rodrigues Roldao Denilson តាំងពីនាទី១៨ បន្ទាប់ពីក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាទៅវិញទៅមក ក្រោមភ្លៀងរលឹមស្រិចៗពេញម៉ោង តែគ្មានការស៊ុតបំប៉ោងសំណាញ់ទីគ្នាបន្ថែមឡើយ៕