(មេនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក UEFA Champions League មេឃខៀវ Manchester City នឹងពុំមានឈ្មោះកីឡាករល្អៗដល់ទៅ ៤រូប ក្នុងជំនួបបើកឆាកពានរង្វាន់អឺរ៉ុបសម្រាប់រាត្រីនេះទល់នឹងក្រុមភ្ញៀវ Red Star Belgrade របស់ប្រទេសស៊ែប៊ី ប្រចាំពូល G។
តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កីឡាករសំខាន់ដែលបានជួយពួកគេឈ្នះជើងលើកដំបូង UCL នារដូវកាលឆ្នាំ២០២២-២០២៣ ដែលអវត្តមាននោះរួមមាន John Stones, Jack Grealish, Kevin de Bruyne និងសមាជិកថ្មី Mateo Kovacic ដោយសារបញ្ហារបួសដូចគ្នា។
ខ្សែការពារ Stones ពុំទាន់បានចូលលេងប្រកួតណាមួយឡើយ គិតចាប់តាំងពី Man City ចាញ់ Arsenal នៅពាន FA Community Shield មក នៅមុនពេលមិត្តរួមក្រុម Grealish មានបញ្ហារបួស មុនពេលលីគសម្រាក ដើម្បីលេងជម្រើសជាតិទៅទៀត ស្របពេល De Bruyne ត្រូវអវត្តមានរយៈពេលយូរដោយសាររបួសធ្ងន់ធ្ងរ និងសមាជិកថ្មីដែលទើបទិញពីតោខៀវ Chelsea គឹ Kovacic មានរបួសពេលត្រឡប់មកពីលេងឲ្យជម្រើសជាតិក្រូអាត។
តែយ៉ាងណា ក្រុមដឹកនាំដោយលោក Pep Guardiola ដែលបានឈ្នះពានដល់ទៅ៣ នារដូវកាលមុន នៅមានកីឡាករជើងស៊ុត Erling Haaland ដែលជា Top scorer នៅ UCL អាចចូលលេងបានធម្មតា ក្រៅពីជួយក្រុមការពារជើងឯកលីគឈ្នះ ៥ប្រកួតជាប់ៗគ្នាផងដែរ៕