(វ៉ាស៊ីនតោន)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអាមេរិក Major League Soccer បានសម្រេចបញ្ចប់កិច្ចសន្យា និងដកឈ្មោះកីឡាករ Matko Miljevic ឈប់ឲ្យលេងនៅទីនេះទៀត ក៏ព្រោះតែប្រើប្រាស់ឈ្មោះក្លែងក្លាយ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កីឡាករលេងក្នុងតំបន់បម្រើ Matko Miljevic ត្រូវបានគេរកឃើញថា បានលាក់បាំងឈ្មោះពិត ជំនួសដោយការប្រើប្រាស់ឈ្មោះក្លែងក្លាយ នៅពេលមានរបាយការណ៍ចុះផ្សាយព្រោងព្រាតនៅប្រទេសកាដាណានាពេលថ្មីៗនេះ ដ្បិតរូបគេបានកំពុងលេងឲ្យក្លិបនៃប្រទេសនេះគឺ Montreal ក្នុងក្របខណ្ឌ MLS បច្ចុប្បន្នផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍របស់ MLS ក៏បានឲ្យដឹងផងថា «Miljevic បានធ្វើឲ្យខូចមុខមាត់ MLS និងគំរាមកំហែងដល់ស្តង់ដារសម្រាប់កីឡាករជាខ្លាំងផងដែរ»

ភ្លាមៗនោះ Montreal ក៏បានបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអាមេរិក វ័យ ២២ឆ្នាំខាងលើនេះ នឹងមិនស្ថិតក្នុងក្លិបយូរទៀតនោះទេ ស្របពេលលោក Hernan Losada អ្នកចាត់ការទូទៅក្លិបក៏បានបញ្ជាក់កាលពីសប្តាហ៍មុន ថាបានកំពុងស៊ើបអង្កេតករណីនេះដែរ។

Miljevic ទើបតែបានចូលលេង ៨ប្រកួតប៉ុណ្ណោះ ក្នុងនាមកីឡាករបម្រុងទាំង ៨លើកផងដែរសម្រាប់ Montreal នារដូវកាលនេះ៕