(បរទេស)៖ កំពូលតារាសម្តែង Keanu Reeves បានបង្ហាញខ្លួនដើម្បីបញ្ចប់រឿង «John Wick: Chapter 4» ដែលបានទម្លាក់ទៅរោងកុនកាលពីខែមីនា ហើយរកចំណូលបាន ១៨៧.១លានដុល្លារក្នុងស្រុក និង ៤២៦.៥លានដុល្លារនៅទូទាំងពិភពលោក។ តែយ៉ាងណានៅក្នុងវគ្គ៤ ហាក់ធ្វើឲ្យទស្សនិកជនមិនច្បាស់ក្នុងចិត្តទាល់តែសោះ ចំពោះការស្លាប់របស់តួអង្គ John Wick ថាតើ ជាការស្លាប់ពិតប្រាកដ ឬយ៉ាងណា? 

ការសន្និដ្ឋានរបស់ខ្សែភាពយន្តនេះបង្ហាញយ៉ាងច្បាស់ អំពីការស្លាប់របស់តួអង្គសំខាន់របស់ Reeves ដោយបង្ហាញឈុត Winston (សម្តែងដោយ Ian McShane) និង The Bowery King (សម្តែងដោយ Laurence Fishburn) គោរពនៅផ្នូររបស់ John ខណៈដែលភាពយន្តបន្ត ដែលនឹងមកដល់នាពេលខាងមុខគឺ «The Continental» ដែលគ្រោងនឹងបង្ហាញខ្លួនជាលើកដំបូង នៅលើសេវាស្ទ្រីម Peacock នៅថ្ងៃទី២២ ខែកញ្ញា ផលិតករ Basil Iwaynk បានបង្ហាញនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Collider យ៉ាងដូច្នេះថា ដំបូងឡើយ Reeves ប្រាថ្នាចង់បានការចាកចេញ «ច្បាស់លាស់» នៅក្នុង «John Wick: Chapter 4»។ ទោះយ៉ាងណាក៏ដោយ នៅតែមានភាគរយតិចតួច ពោលគឺ១០% ដែលអាចត្រួសត្រាយផ្លូវសម្រាប់ការត្រឡប់មកវិញរបស់ John Wick។

ខណៈដែលអនាគតនៃសិទ្ធិផ្តាច់មុខរបស់ John Wick នៅតែមិនច្បាស់លាស់ ផលិតករ Iwanyk បានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏រឹងមាំរវាងក្រុម និងសេចក្តីស្រឡាញ់រួមរបស់ក្រុមការងារ ចំពោះស៊េរីរឿងនេះ។ គ្រប់គ្នាចង់ស្វែងយល់ពីអ្វី ដែលវគ្គបន្ទាប់សម្រាប់តួឯក និងពិភពលោករបស់តួឯក។

គួរជម្រាបថា ចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី២៤ ខែមីនា កន្លងទៅនេះ រឿង John Wick វគ្គ៤ ទទួលបានការគាំទ្រយ៉ាងច្រើន ដោយរកចំណូលបាន ១៨៧.១លានដុល្លារក្នុងស្រុក និង ៤២៦.៥ លានដុល្លារនៅទូទាំងពិភពលោក ខណៈរឿងនេះចំណាយទុន ក្នុងការផលិតអស់ខ្ទង់១០០លានដុល្លារ៕