(ភ្នំពេញ)៖ ក្រុមបាល់ទះផ្នែកបុរស ក្នុងសាលជម្រើសជាតិកម្ពុជា នឹងបើកយុទ្ធនាការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ ឆ្នាំ២០២២ (លើកពេល) នាម៉ោង ៦ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅទីលាន China Textile City Sports Centre Gymnasium នាទីក្រុង Hangzhou ប្រទេសចិន។
នេះគឺជាការបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល ៥៣ឆ្នាំ ដ្បិតការបង្ហាញខ្លួនលើកចុងក្រោយ ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ នៃការប្រកួតកីឡាអាស៊ី ឆ្នាំ១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ។
ដូច្នេះមុនឈានដល់ការប្រកួតបើកឆាកពូល C ជាមួយក្រុមជម្រើសជាតិឥណ្ឌានាល្ងាចនេះ សូមក្រឡេកមកចាប់អារម្មណ៍ប្រវត្តិលទ្ធផលខ្លះៗ នៃការបង្ហាញខ្លួនលើកចុងក្រោយក្នុងការប្រកួត Asian Games របស់ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជាដូចខាងក្រោម៖
ព្រឹត្តិការណ៍ Asian Games លើកទី៦ ឆ្នាំ១៩៧០ (បាល់ទះបុរស)
• ប្រកួតទី១៖ កម្ពុជា ០-៣ ជប៉ុន
• ប្រកួតទី២៖ កម្ពុជា ០-៣ ចិន
• ប្រកួតទី៣៖ កម្ពុជា ៣-០ ប៉ាគីស្ថាន
• ប្រកួតទី៤៖ កម្ពុជា ០-៣ កូរ៉េខាងត្បូង
• ប្រកួតទី៥៖ កម្ពុជា ៣-០ ថៃ
• ប្រកួតទី៦៖ កម្ពុជា ៣-២ អ៊ីរ៉ង់
• ប្រកួតទី៧៖ កម្ពុជា ៣-០ ឥណ្ឌូនេស៊ី។
ជាមួយលទ្ធផលឈ្នះ ៤ និងចាញ់ ៣ប្រកួតនេះ នាំឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ នាពេលនោះ ខណៈមេដាយមាស បានទៅជប៉ុន មេដាយប្រាក់បានទៅកូរ៉េខាងត្បូង និងមេដាយសំរឹទ្ធបានទៅចិន។ ប៉ុន្ដែដំណាលគ្នានោះដែរ សម្រាប់ក្រុមបាល់ទះនារីកម្ពុជាវិញ គឺទទួលបានមេដាយសំរឹទ្ធ តែរហូតមកទល់ពេលនេះ ក្រុមបាល់ទះនារីកម្ពុជាមិនទាន់បានបង្ហាញវត្តមានជាថ្មីក្នុងកីឡាអាស៊ីនោះទេ។
សូមបញ្ជាក់ថា បេសកកម្មនៃការប្រកួតកីឡាអាស៊ី លើកទី១៩ ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា គឺស្ថិតក្នុងពូល C គ្រាដែលក្រោយជួបក្រុមខ្លាំងឥណ្ឌាល្ងាចនេះ កម្ពុជានឹងត្រូវជួបក្រុមលំដាប់ចំណាត់ថ្នាក់លេខ២៧ ពិភពលោក កូរ៉េខាងត្បូងវិញម្ដងនារសៀលថ្ងៃទី២១ ខែកញ្ញាខាងមុខ ដើម្បីស្វែងរកបេក្ខភាពឡើងវគ្គបន្ដ។
គួរដឹងដែរថា មុនឈានជើងចូលប្រកួតកីឡាអាស៊ីជាថ្មី ក្រុមបាល់ទះបុរសកម្ពុជា ទើបតែបានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ២ឆ្នាំជាប់គ្នា ក្នុងការដណ្ដើមបានមេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងឈ្នះមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ មិនតែប៉ុណ្ណោះ ពួកគេក៏បានចេញទៅប្រមូលផ្ដុំហ្វឹកហាត់នៅចិនមួយរយៈ ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះដែរ៕