(ម៉ាឌ្រីដ)៖ កីឡាការិនីបាល់ទាត់ជាច្រើននាក់ បានបដិសេធក្នុងការកោះហៅចូលជម្រើសជាតិស្រ្តីអេស្ប៉ាញ ក្នុងការត្រៀមប្រកួតពានរង្វាន់ UEFA Nations League នាពេលដ៏ខ្លីខាងមុខនេះ បើទោះបីជាប្រធានសហព័ន្ធ RFEF លោក Rubiales បានលាលែងតំណែងក៏ដោយ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា មានកីឡាការិនីដល់ទៅ ១៥រូប ក្នុងចំណោមសមាជិកឈ្នះពាន FIFA Women’s World Cup 2023 កាលពីខែមុន បានបន្តធ្វើពហិកាដដែល ដោយបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមយ៉ាងខ្លីរបស់ខ្លួនផងថា «អារម្មណ៍ហ្មងសៅ មិនទាន់ជ្រះស្រឡះ»

គិតមកទល់ពេលនេះ មានក្រុមកីឡាករ-កីឡាការិនីកើនដល់ ៨១នាក់ហើយ បានប្រកាសពីការមិនចូលរួមជាមួយជម្រើសជាតិគោជល់អេស្ប៉ាញ ដោយសារតែប្រធានសហព័ន្ធប្រទេសនៅអឺរ៉ុបមួយនេះ គឺលោក Luis Rubiales បានចាប់ថើបមាត់កីឡាការិនីជយលាភី Jenni Hermoso ដែលនាំឲ្យបុរសវ័យ ៤៦ឆ្នាំរូបនេះបង្ខំចិត្តលាឈប់ផងដែរ។

យ៉ាងនេះក្តី ការចូលបំភ្លឺក្នុងតុលាការជាលើកដំបូងកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបដិសេធរាល់ការចោទប្រកាន់ ដែលមានចរិតជាលក្ខណៈបំពារបំពានផ្លូវភេទ និងបម្រាមនៅឆ្ងាយពីនាង Hermoso វ័យ ៣៣ឆ្នាំចាប់ពី ២០០ម៉ែត្រផងដែរ។
កាលពីថ្ងៃចន្ទម្សិលមិញ RFEF ក៏បានស្នើដល់កីឡាការិនីគ្រប់រូបវិលចូលជម្រើសជាតិវិញ ដែលនេះជាកាតព្វកិច្ចសម្រាប់អត្តពលិកគ្រប់រូបដែលត្រូវបំពេញ នៅពេលត្រូវបានកោះហៅ។

ស្ថិតក្រោមការដឹករបស់អ្នកចាត់ការទូទៅថ្មី គឺលោកស្រី Montse Tome ដែលចូលកាន់តំណែងជំនួសលោក Jorge Vilda នោះ បានធ្វើការកោះហៅកីឡាការិនីទើបឈ្នះពាន Women’s World Cup 2023 ចំនួន ១៥នាក់ ដើម្បីលេងពាន UEFA Nations League គ្រាដែល Jenni Hermoso មិនមានឈ្មោះឡើយ៕