(បរទេស)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​ បានរាយការណ៍ថា តារាសម្តែង Hugh Jackman ដែលទស្សនិកជនស្គាល់ថា ជាតួឯកប្រុសរឿង «X-Men» និងភរិយា Deborra-Lee Furness បានប្រការចែកផ្លូវគ្នា ក្រោយរៀបការបាន ២៧ឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

គូស្នេហ៍មួយគូនេះ ត្រូវបានគេដឹងថា រៀបការជាមួយគ្នាកាលពីឆ្នាំ១៩៩៦ និងបានទទួលចិញ្ចឹមកូនពីរនាក់រួមគ្នា។ តារាសម្ដែង Hugh Jackman ត្រូវបានគេស្គាល់តាមរយៈការសម្តែងក្នុងភាពយន្ត Action ល្បីៗដូចជាខ្សែភាពយន្ត «X-Men» និងរឿងភាគល្បីៗមួយចំនួនទៀត។ លោកត្រូវបានឲ្យឈ្មោះថា ជាបុរសសិចស៊ីបំផុតក្នុងលោករបស់ទស្សនាវដ្តី People ក្នុងឆ្នាំ ២០០៨។

តាមរយៈសេចក្តីថ្លែងការណ៍រួម របស់តារាទាំងពីររូបបានរៀបរាប់ថា «ពួកយើងពិតជាមានក្ដីសុខ ដែលបានចែករំលែករយៈពេលជិត ៣ទសវត្សរ៍ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ ប៉ុន្តែដំណើរជីវិតរបស់យើងឥឡូវនេះកំពុងផ្លាស់ប្តូរ ហើយយើងបានសម្រេចចិត្តបែកគ្នា ដើម្បីបន្តការរីកចម្រើនតាមផ្លូវរៀងៗខ្លួនវិញ»។ ទោះយ៉ាងណា តារាទាំងពីររូបមិនបានធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមឡើយ ពាក់ព័ន្ធមូលហេតុចែកផ្លូវរបស់ពួកគេ៕