(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានអំពាវនាវដល់ក្រុមហ៊ុនវិនិយោគជាតិ និងអន្ដរជាតិ ចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាកំពុងមានប្រជាប្រិយមួយនេះ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។

ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងធនាគារអេស៊ីលីដា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ លោកបានចាត់ទុកកិច្ចសហការមួយនេះ បានបង្ហាញនូវឌ្ឍនភាព ក៏ដូចជាការគាំទ្រវិស័យបាល់ទាត់នៅកម្ពុជាយ៉ាងសំខាន់លើផ្នែកហិរញ្ញវត្ថុ។

នាយឧត្តមសេនីយ៍ សៅ សុខា បន្ដថា «ក្នុងនាមមហាគ្រួសារបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខ្ញុំសូមអំពាវនាវក្រុមហ៊ុនអ្នកវិនិយោគជាតិ និងបរទេសដទៃផ្សេងទៀត ព្រមទាំងអ្នកដែលនិយមលេង និងទស្សនាកីឡាបាល់ទាត់ បន្ដចូលរួមគាំទ្រសកម្មភាពកីឡាប្រភេទនេះបន្ដទៀត»

ប្រធានសហព័ន្ធដដែលបន្ថែមថា តាមរយៈការខិតខំប្រឹងប្រែងផ្ទាល់របស់សហព័ន្ធ និងការចូលរួមឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ ការចូលរួមលេង និងទស្សនាពីអ្នកនិយមវិស័យបាល់ទាត់ ពិសេសដោយបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិ ទើបជំរុញឲ្យសកម្មភាពបាល់ទាត់កម្ពុជា មានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

លើសពីនេះ សកម្មភាពកីឡាបាល់ទាត់ បានរួមចំណែកទៅដល់វិស័យអប់រំសុខភាពសាធារណៈ បង្កបរិយាកាសកំសាន្ដសប្បាយរីករាយ និងកាត់បន្ថយបាតុភាពអសកម្មក្នុងសង្គមជាដើម។ អ្វីដែលពិសេស តាមរយៈលទ្ធផលនៃការប្រកួតលក្ខណៈអន្ដរជាតិ ទាំងប្រកួតមិត្តភាព និងផ្លូវការ ក៏បាននាំមកនូវកិត្យានុភាពជាតិ ត្រូវបានលើកស្ទួយ និងផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។

ជាមួយគ្នា អ្នកចាំទីជម្រើសជាតិកម្ពុជា ហ៊ុល គឹមហ៊ុយ បានបង្ហាញនូវសេចក្ដីរីករាយ ដែលវិស័យបាល់ទាត់ ត្រូវបានក្រុមហ៊ុនឯកជនធំៗចាប់អារម្មណ៍ និងចូលរួមឧបត្ថម្ភគាំទ្រជាបន្ដបន្ទាប់ តាមរយៈសហព័ន្ធ។ គឹមហ៊ុយ បានចាត់ទុកការគាំទ្រផ្នែកហិរញ្ញវត្ថុនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យមួយឲ្យមាននិរន្ដរភាព ពិសេសវិស័យបាល់ទាត់តែម្ដង៕