(ភ្នំពេញ)៖ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា មេដាយកីឡាជំនាញ ពិសេសកីឡាកាយសម្ព័ន្ធ មិនអាចកើតឡើងដោយភាពចៃដន្យនោះទេ ផ្ទុយទៅវិញ គឺកើតឡើងដោយសារខំប្រឹងហ្វឹកហាត់ ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

ការលើកឡើងនេះ បន្ទាប់ពីលោកបានដឹកនាំប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ កាលពីរាត្រីថ្ងៃទី១៨ ខែកញ្ញា ក្រោយបញ្ចប់ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ (Aerobic Gymnastics Asian Championship 2023) នៅប្រទេសម៉ុងហ្គោលី ដោយដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយមាស១ និងសំរឹទ្ធ១។

មន្ដ្រីជំនាញខាងលើបន្ដថា ក្នុងការប្រកួតជើងឯកអាស៊ីឆ្នាំនេះ មានភាពខុសប្លែងជាងមុន ពិសេសលើការបំបែកសមិទ្ធផលចាស់ បើធៀបនឹងការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២២ នៅថៃ ដែលទទួលបានត្រឹមមេដាយប្រាក់ ខណៈឆ្នាំនេះ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយមាស។ ជារួមយោងតាមលក្ខណៈបច្ចេកទេស ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីមានភាពរីកចម្រើនដូចគ្នា។

ទន្ទឹមជាមួយការដណ្ដើមបានមេដាយមាសលើកដំបូងនេះដែរ កើតឡើងដោយសារការប្ដេជ្ញាចិត្ត និងមានផែនការច្បាស់លាស់របស់សហព័ន្ធ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់លោកទេសរដ្ឋមន្ដ្រី ថោង ខុន ទោះបីមិនស្ថិតក្នុងដំណាក់កាលប្រមូលផ្ដុំ តែគ្រូបង្វឹក និងកីឡាករ-កីឡាការិនី បានបន្ដខិតខំហ្វឹកហាត់ ដើម្បីចូលរួមការប្រកួតជើងឯកអាស៊ីនេះ។ ដូច្នេះលទ្ធផលទទួលបាន គឺជាផ្លៃផ្កាយ៉ាងពិតប្រាកដ។

លោក ណយ ផាណា បន្ថែមថា «មេដាយនេះ (មេដាយមាស) គឺជាមេដាយកើតចេញពីការខិតខំប្រឹងពិតប្រាកដ មិនមែនកើនចេញពីការហេងស៊យនោះទេ ហើយអ្នកដែលឈរអមយើង គឺកូរ៉េខាងត្បូង និងវៀតណាម...។ បើនិយាយពីពិន្ទុ ក្រុមកីឡាការិនីរបស់យើង ទទួលបាន ១៩.០៦៧ពិន្ទុ រីឯក្រុមកីឡាការិនីកូរ៉េខាងត្បូង ដែលឈ្នះមេដាយប្រាក់ គឺបាន ១៩.០១១ពិន្ទុ។ អ៊ីចឹងមើលពិន្ទុ គឺខុសគ្នាបន្ដិចបន្ដួច ហើយបើថា ចៃដន្យ អត់មានទេ»

អគ្គលេខាធិការសហព័ន្ធដដែលសង្កត់ធ្ងន់ថា «ការប្រកួតកីឡាកាយសម្ព័ន្ធ ទាំងអាអេរ៉ូប៊ិក និងអាទិស្ទិក គ្មានការកើតឡើងដោយចៃដន្យទេ គឺកើតឡើង មិនថាបានមេដាយសំរឹទ្ធ មេដាយប្រាក់ ឬមេដាយមាសក៏ដោយ គឺសុទ្ធតែកើតចេញពីការខិតខំច្បាស់លាស់ និងលក្ខណៈបច្ចេកទេសពិតប្រាកដ»

ឆ្លៀតឱកាសនោះដែរ លោកបានថ្លែងអំណរគុណរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និង NOCC ពិសេសលោកបណ្ឌិត ថោង ខុន ក្នុងនាមប្រធានសហព័ន្ធ ដែលតែងយកចិត្តទុកដាក់ជាប់ជាមួយកីឡាករ-កីឡាការិនី នាំឲ្យក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា អាចបើកទំព័រប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយមាសជើងឯកអាស៊ីលើកដំបូង រហូតទទួលបានការអបអសាទរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀតផង៕