(សៀមរាប)៖ ក្រៅពីការងារស្នូលរបស់ខ្លួន ភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំនៅគោលដៅក្រុងអង្គរធំ បានចូលរួមរៀបចំដាំបង្គោលក្រាក់នៅខាងៗ ផ្លូវក្បែរប្រាង្គប្រាសាទ ដើម្បីបង្ការយានយន្តគ្រប់ប្រភេទចូល ទៅដល់ប្រាសាទ ឬជិតប្រាសាទ និងចតមិនមានសណ្តាប់ធ្នាប់ ព្រមទាំងដាំស្មៅ ដើម្បីលើកសោភ័ណភាពបៃតងនៅជុំវិញប្រាសាទបាយ័ន កាន់តែមានភាពស្រស់បំព្រង។

កញ្ញា នៅ ចិន្តា អនុប្រធានភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំ នៅគោលដៅប្រាសាទបាយ័ន បានឱ្យដឹងថា ការដាំបង្គោលក្រាក់ និងដាំស្មៅនេះមានបួនទីតាំង គឺនៅខាងលិច ខាងត្បូង ខាងកើត និងខាងជើងនៃប្រាសាទបាយ័នត្រង់ចំណុចដែលមានដើមឈើធំៗ ដីស្ងួត និងមិនមានស្មៅដុះ។

កញ្ញា ចិន្តា បន្តថា នៅមុនពេលរៀបចំដាំជាបង្គោលក្រាក់ និងដាំស្មៅឃើញថា ទីតាំងមួយចំនួនត្រូវបានចតយានយន្តដោយមិនមានសណ្ដាប់ធ្នាប់។ ប៉ុន្តែក្រោយពីដាំស្មៅរួចរាល់ឃើញថាទីតាំងទាំងនោះមានពណ៌បៃតង និងមិនមានការចតយានជំនិះផ្ដេសផ្ដាសទៀតឡើយ។ ក្រុមការងារនឹងថែទាំស្មៅទាំងនោះដើម្បីរក្សាបាននូវភាពបៃតងគ្រប់រដូវកាល។

ភ្នាក់ងារសណ្តាប់ធ្នាប់ដែលបានចូលរួមក្នុងការងារនេះ បានសម្តែងការសប្បាយចិត្តដែលជួយលើកសោភ័ណភាពប្រាសាទ រក្សាបាននូវសណ្តាប់ធ្នាប់ល្អក្នុងបរិវេណក្រុងអង្គរធំ ពិសេសចំណុចប្រាសាទបាយ័ន។

សកម្មភាពនេះក៏នឹងផ្លាស់ប្ដូរពីដីទំនេរមកជាមានស្មៅពណ៌បៃតងគ្រប់រដូវកាល បង្កើននូវទេសភាពវប្បធម៌ ហើយក៏អាចទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឱ្យចង់មកទស្សនាបន្ថែមទៀត៕