(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ព័ន្ធថ្មីមួយ ដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នា នៅរួតទីបីរបស់ប្រាសាទបាយ័ន។

ការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទ កំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធប្រាសាទ នៅរួតទីបីនៃប្រាសាទ។

ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន្ត កញ្ញា ម៉េង សុវណ្ណលីលីន បានឲ្យដឹងថា នេះជាលើកទី២ហើយដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបី នៃប្រាសាទបាយ័ន្ត ដែលខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ មានសង់ខឿនមួយទៀតបន្ថែមពីខាងក្រៅ ព្រមទាំងការប្តូរប្លង់ស្ថាបត្យកម្មក្នុងពេលសាងសង់នោះផង។

ក្រុមអ្នកបច្ចេកទេសបានសង្កេតឃើញថា ខឿនដែលសាងសង់មុន គឺអត់សូវមានក្បាច់រចនាទេ គឺមានតែស្នាមដាប់រំលីងថ្មតែប៉ុណ្ណោះ ចំណែកឯខឿនដែលសាងសង់ពង្រីកក្រោយ គឺឃើញមានក្បាច់រចនាជាចម្លាក់ពងត្រីយ៉ាងស្អាត។

ក្រុមស្ថាបត្យករក៏បានសន្និដ្ឋានថា ការសាងសង់ខឿនប្រាសាទបុរាណថែមថយបែបនេះ ប្រហែលបណ្តាលមកពីអ្នកសាងសង់មានការផ្លាស់ប្តូរគំនិតនៃការរចនាសំណង់ឱ្យកាន់តែស្អាតជាងមុន។

កញ្ញា សុវណ្ណលីលីន បានពន្យល់ទៀតថា ការប្រទះឃើញសំណង់ប្រាសាទបុរាណមានខឿនពីរជាន់នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យអ្នកសិក្សាស្រាវជ្រាវសំណង់ ស្ថាបត្យកម្មនៅតាមប្រាសាទខ្មែរបុរាណកាន់តែបានស្វែងយល់បន្ថែមទៀត សម្រាប់ការចងក្រងផ្នែកស្ថាបត្យកម្មសម័យអង្គរ ទុកជាឯកសារឱ្យអ្នកស្រាវជ្រាវជំនាន់ក្រោយ៕