(សៀមរាប)៖ កូនឈើចម្រុះជិត៤០០ដើម និងស្មៅ៣០០ម៉ែត្រការ៉េទៀត ត្រូវបានដាំនៅបរិវេណរមណីយដ្ឋានអង្គរ នៅក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាលាប៊ែលធីអន្តរជាតិ និងប៊ែលធីទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សានុសិស្សជ័យលាភីនៃសាលាប៊ែលធីអន្តរជាតិជាង២០០នាក់ បានដាំកូនឈើចម្រុះចំនួន៣៨០ដើម និងស្មៅចំនួន៣០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)។
ការដាំដើមឈើនេះសោត ធ្វើឡើងក្នុងបំណងដើម្បីបណ្តុះស្មារតីសិស្សានុសិស្សគ្រប់ៗរូប ស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថាន និងដាំទុកជាអនុស្សាវរីយ៍ ក៏ដូចជាបង្កើនសោភ័ណភាពក្នុងឧទ្យានអង្គរ៕