(ភ្នំពេញ)៖ ស្រីស្អាត ជា សុជាតា ហៅកញ្ញា SoTa ត្រូវបានមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាអប់រំ លើកទឹកចិត្ត និងចែករំលែកចំណេះដឹងនៅលើបណ្តាញសង្គមដ៏ឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា។ រាល់វីដេអូរបស់កញ្ញា SoTa ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក តែងតែទទួលបានការស្ងើចសរសើរ និងការគាំទ្រមិនចេញដាច់ឡើយ ព្រោះសុទ្ធសឹងតែជាមាតិកាមានប្រយោជន៍ បង្កប់នូវអត្ថន័យអប់រំ ដែលរាប់បញ្ចូលតាំងពីការដេកដើរអង្គុយ ហូបចុក ការរស់នៅ ការប្រកបរបរអាជីវកម្ម កម្សាន្ត និង ដំណោះស្រាយបញ្ហាបាក់ទឹកចិត្ត (ជម្ងឺ Depression)។

ជាក់ស្តែងហ្វេសប៊ុកផេករបស់ កញ្ញា SoTa ដែលមានឈ្មោះថា SoTa សូតា មានអ្នកតាមដានរហូតដល់ 364K និង តិកតុកមានអ្នក 597.9K និងអ្នកចុចឡាយវីដេអូរហូតដល់ទៅ 9.6M ឯណោះ ដែលជាចំនួនដ៏ច្រើនលើសលប់មិននឹកស្មានដល់។

ថ្លែងប្រាប់ Fresh News Plus កញ្ញា SoTa បានឲ្យដឹងថា ការមកធ្វើមាតិកាអប់រំ ចែករំលែកលើបណ្តាញសង្គម គឺជាចំណង់ចំណូលចិត្តរបស់កញ្ញា ជាពិសេសកញ្ញាចង់ផ្ងើសារទៅកាន់បងប្អូនដែលកំពុងជួបបញ្ហាក្នុងជីវិត ឬកំពុងមានជម្ងឺបាក់ទឹកចិត្តឲ្យក្រោកឈរឡើងវិញ ត្រូវរឹងមាំ និងបន្តដំណើរឆ្ពោះទៅមុខបន្តទៀត។

កញ្ញា SoTa បានបន្ថែមថា «ខ្ញុំគ្រាន់តែធ្វើតាមបេះដូងខ្លួនឯង ហើយចូលចិត្តចែករំលែកនូវមាតិកាដែលមានប្រយោជន៍ដល់សង្គមជាតិ និងអ្នកដែលកំពុងទស្សនាវីដេអូរបស់ខ្ញុំ។ ខ្ញុំពុំដែលប៉ងប្រាថ្នាចង់ល្បីអ្វីឡើយ តែចុងក្រោយមិននឹកស្មានថា ផ្ទុះការគាំទ្រដល់ថ្នាក់នេះសោះ»

មិនត្រឹមតែជាក្លាយខ្លួនជាបុគ្គលមហាជន ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះទេ កញ្ញា Sota ថែមទាំងជាសហគ្រិនវ័យក្មេងដែលកំពុងកាក់កប់ជាមួយនឹងមុខជំនួញផ្ទាល់ខ្លួនផងដែរ គឺក្រុមហ៊ុន SoTa Chea Trading Co.,Ltd ចែកចាយផលិតផលឈុតថ្នាំទិព្វ ថែសម្រស់បំបាត់មុនស្នាម។

ក្រៅពីនេះកញ្ញា SoTa គឺជាមនុស្សដែលចូលចិត្តចែករំលែកនូវចំណេះដឹង និងសារលើកទឹកចិត្តដល់មហាមជនតាមរយៈការបង្កើតនូវមាតិការអប់រំ មានខ្លឹមសារ មានប្រយោជន៍ដល់អ្នកទស្សនា សម្រាប់ការយកទៅអនុវត្តន៍តាម ឬត្រិះរិះពិចារណា។ មិនត្រឹមតែប៉ុណ្ណោះកញ្ញា SoTa ក៏បានបរិច្ចាគនូវថវិកា និងសម្ភារៈផ្ទាល់ខ្លួន ជួយដល់កុមារកំព្រា ស្ត្រីមេម៉ាយ និង មនុស្សចាស់ជរាផងដែរ៕