(ភ្នំពេញ)៖ ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតដំបូងរបស់ខ្លួន នៃព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិនហើយ ដោយលទ្ធផលចាញ់ក្រុមខ្លាំងឥណ្ឌា ៣-០ (សិត) ជាមួយពិន្ទុ ១៤-២៥, ១៣-២៥ និង ១៩-២៥ មុននេះបន្ដិច នៅទីក្រុង Hangzhou។

នេះគឺជាការប្រកួតបើកឆាកពូលC ដែលមានបេក្ខភាពប្រកួតប្រជែង ៣ក្រុម ខណៈបន្ទាប់ពីជួបឥណ្ឌា ដែលជាក្រុមចំណាត់ថ្នាក់លេខ៧១ ពិភពលោករួច ក្រុមបាល់ទះបុរសកម្ពុជា នឹងត្រូវធ្វើការកាន់តែធ្ងន់ ដោយត្រូវជួបក្រុមកូរ៉េខាងត្បូង នារសៀលថ្ងៃទី២១ ខែកញ្ញាខាងមុខ ដែលជាជំនួបកាត់សេចក្ដី ដើម្បីកំណត់ជោគវាសនាក្រុមឡើងវគ្គបន្ដ។

សូមរំឮកថា កម្ពុជា ត្រៀមបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ នៅចិន ខណៈក្រុមបាល់ទះបុរសកម្ពុជា បានធ្វើដំណើរទៅដល់ទីតាំង និងធ្វើការប្រកួតមុនគេ។ នេះក៏ជាលើកដំបូងផងដែរ ដែលក្រុមបាល់ទះបុរសកម្ពុជា បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ បន្ទាប់ពីខកខានអស់រយៈពេល ៥៣ឆ្នាំ ខណៈការបង្ហាញខ្លួនលើកចុងក្រោយ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងកីឡាអាស៊ី ឆ្នាំ១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ៕