(មេនឆេស្ទើ)៖ ក្នុងជំនួបបើកឆាកពានរង្វាន់អឺរ៉ុប UEFA Champions League ប្រចាំរដូវកាលឆ្នាំ២០២៣-២០២៤ ក្រុមការពារតំណែងជើងឯក Manchester City បានវាយបកឈ្នះ Red Star Belgrade ក្នុងលទ្ធផល ៣-១ ប៉ុន្តែគ្រូបង្វឹកបង្ហាញក្តីកង្វល់រឿងកីឡាកររងរបួសច្រើន។
ក្នុងជំនួបពេញម៉ោង ៩០នាទីនៃកីឡដ្ឋាន Etihad ប្រទេសអង់គ្លេស គូប្រជែងមកពីស៊ែប៊ី បានបើកការនាំមុខ ១គ្រាប់មុន នៅមុនពេលបញ្ចប់វគ្គទី១ ពីការធ្វើបានសម្រេចដោយកីឡាករ Osman Bukari ក្រោយបន្តិចនៅពេលខ្សែបម្រើសំខាន់ Bernado Silva ត្រូវបានប្តូរចេញនៅនាទី៤៤ ដោយសាររបួសនោះ។
យ៉ាងនេះក្តី Julian Alvarez សមាជិកឈ្នះពានពិភពលោក World Cup 2022 ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជា Super star របស់មេឃខៀវ នៅពេលរកបាន ២គ្រាប់ត្រឡប់មកវិញ ត្រឹមចាប់ផ្តើមលេងបាន ១៥នាទីក្នុងវគ្គទី២ និងគ្រាប់ទី៣ ធ្វើបានដោយមិត្តរួមក្រុម Rodri នៅនាទី៧៣ ក្នុងការយកបាន ៣ពិន្ទុក្នុងផ្ទះពី ១ប្រកួតដំបូងសម្រាប់ជើងទី១ ប្រចាំពូល G។
តាមរយៈលទ្ធផលនេះដែរ បានធ្វើឲ្យអ្នកចាត់ការទូទៅ លោក Pep Guardiola មិនសូវសប្បាយចិត្តឡើយ ត្រង់ថា កីឡាករអន្តរជាតិព័រទុយហ្គាល់ Silva ធ្លាក់ចូលក្នុងបញ្ជីសមាជិករបួសថែមទៀតជាមួយ Kevin de Bruyne, Jack Grealish, Mateo Kovacic និងខ្សែការពារ John Stones ជាដើម។
លោកបានថ្លែងក្រោយចប់ការប្រកួតដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC ថា «ពួកយើងបានធ្លាក់ចូលក្នុងបញ្ហា ដោយសារកីឡាកររបួសច្រើន។ រឿងបន្ត ខ្ញុំនឹងព្យាយាមប្រើប្រាស់កីឡាករដែលនៅសល់ ដ្បិតយើងបាត់បង់កីឡាករសំខាន់ ៥នាក់ក្នុងរយៈពេលយូរ។ វាជារឿងដ៏លំបាក»។
យ៉ាងណាក៏ដោយ ក្រុមជើងឯកលីគកំពូលអង់គ្លេសមួយនេះ អាចរកបានជ័យជម្នះ ៧ប្រកួតជាប់ៗគ្នា ជាពិសេសវាយបកឈ្នះ Belgrade អតីតជើងឯក European Cup (UCL បច្ចុប្បន្ន) ក្នុងឆ្នាំ១៩៩១ តែម្តងនាយប់មិញនេះ៕