(មីឡាន)៖ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលផ្សេងមួយទៀតបានកើតឡើង នៅពេលកីឡាករចាំទី Ivan Provedel រកបានគ្រាប់បាល់បំប៉ោងសំណាញ់ទីឲ្យ Lazio តាមស្មើ Atletico Madrid ១-១ នៅពេលខ្វះត្រឹមតែ ២វិនាទីទៀតប៉ុណ្ណោះ ដល់ម៉ោងបញ្ចប់ការប្រកួតទៅហើយ។
ការប្រកួតបើកឆាកប្រចាំពូល E នៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2023-2024 នាយប់មិញនេះ កីឡាករ Pablo Barrios រកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវមកពីអេស្ប៉ាញតាំងពីនាទីទី២៩ មកម្ល៉េះ ក្នុងប្រកួតដែល Provedel ជួយសង្រ្គោះបាល់បានច្រើនគ្រាប់ទៀតផង ក្រោយពេល Alvaro Morata ស៊ុតប៉ះចំបង្គោលទីដែរនោះ។
ការប្រកួតបានអូសបន្លាយដល់នាទីចុងម៉ោង ពោលគឺនៅនាទី ៩០+៥ Provedel បានឡើងមកជួយគាំទ្រមិត្តរួមក្រុម និងតែតបញ្ចូលទីបានសម្រេច នៅពេល Luis Alberto លើកបាល់ចេញពីជ្រុង ក្នុងការជួយសង្រ្គោះ Lazio យកបាន ១ពិន្ទុមកវិញ ពីការប្រកួតក្នុងដីលើកដំបូងនៅ UCL។
Provedel បានក្លាយជាអ្នកចាំទីទី២ ប៉ុណ្ណោះក្នុងលោក ដែលធ្វើបានគ្រាប់បំប៉ោងសំណាញ់ទីជិតចប់ការប្រកួត ដែលមានការថែមដល់ទៅ ៥នាទីបង្រ្គប់ពេញម៉ោង ៩០នាទី បន្ទាប់ពី Bolat ធ្វើបានក្នុងលទ្ធផលស្មើគ្នាដែរ ពេលជួយក្រុម Standard Liege ប៉ះគូប្រជែងរបស់ហូឡង់ AZ Alkmaar៕