(ភ្នំពេញ)៖ ក្លិបបាល់ទាត់លីគកំពូលកម្ពុជា វិសាខា នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ បានរៀបចំពិធីវាយគង និងទូងស្គរ នៅកីឡដ្ឋានរបស់ខ្លួន ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ។
ការរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ធ្វើឡើងតាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃ១៧ ខែកញ្ញា ២០២៣កន្លងទៅ ។
ក្លិបជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យជាប់គ្នានេះ បានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា «តាមការការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ពួកយើងសូមសម្ដែងនូវសេចក្ដីរីករាយក្រៃលែង និងការសាទរដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ និងមានសារៈសំខាន់នេះ» ៕