(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានឱ្យដឹងថា គ្រប់សេវាកម្មរបស់ខ្លួនទាំងអស់រួមមាន Gmail, Google Docs, Maps, Drive និង YouTube និងអាចភ្ជាប់ជាមួយនឹង Bard AI ដែលជាបញ្ញាសិប្បនិមិត្តកំពុងទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់ និងជាគូរប្រជែងរជាមួយ ChatGPT របស់ក្រុមហ៊ុន OpenAI ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ដូចដែលបានដឹងរួចមកហើយថា Google បានចាប់ផ្តើមដាក់ដំណើរការបញ្ញាសិប្បនិម្មិត្តប្រភេទ chatbot របស់ខ្លួនដែលមានឈ្មោះថា Bard AI នៅអំឡុងខែមីនា ដើមឆ្នាំ២០២៣នេះ។ បន្ទាប់ពីដាក់ដំណើរការ AI ជិតមួយឆ្នាំមកនេះសេវាកម្ម Bard AI របស់ Google ទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់ទៅលើសមត្ថភាពឆ្លើយតបទៅនឹងព័ត៌មានរហ័សដោយទទួលបាននូវប្រភពទិន្នន័យច្បាស់ និងលម្អិត។ លើសពីនេះទៅទៀត Google Bard ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃដែលជាចំណុចទាក់ទាញដ៏ខ្លាំងមួយសម្រាប់អ្នកប្រើប្រាស់។

ជុំវិញការដាក់ដំណើរការ Bard AI នៅលើសេវាកម្មទាំងអស់នេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុនជាមួយនឹងការសន្ទនាដោយផ្ទាល់ជាមួយ AI ក្នុងការស្វែងរកទិន្នន័យ ការស្នើរសុំបទចម្រៀង ឬបើកមុខងារផ្សេងៗនៅលើ YouTube រួមទាំងអាចបញ្ជាឱ្យ AI ស្វែងរកការងារនៅលើអ៊ីនធឺណិត និងអាចសរសេរប្រវត្តិរូបសង្ខេប (CV) បានថែមទៀតផង។

យោងតាមការបញ្ជាក់ពី Google បានឱ្យដឹងថា Bard AI កន្លងមកអាចដំណើការបានតែភាសាអង់គ្លេសតែមួយប៉ុណ្ណោះ ប៉ុន្តែតាមរយៈការធ្វើបច្ចុប្បន្នភាពចុងក្រោយនេះអាចដំណើរការបានច្រើនជាង ៤០ភាសាឯណោះ។ បន្ថែមពីនេះទៅទៀតសម្រាប់អ្នកប្រើប្រាស់ដែលភ្ជាប់ Bard AI ទៅលើសេវាកម្មផ្សេងៗរបស់ Google នឹងមិនត្រូវបានថតចម្លង ឬអាចចូលមើលដោយអ្នកណាផ្សេងនោះទេ ពោលគឺមានសុវត្ថិភាពដែលមានតែម្ចាស់គណនីប៉ុណ្ណោះដែលអាចចូលមើលប្រវត្តិនៃការប្រើប្រាស់របស់ខ្លួន៕