(ភ្នំពេញ)៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងរំភើបចិត្តមួយសម្រាប់វិស័យតន្ត្រីនៅប្រទេសកម្ពុជា ក្រោយតារាចម្រៀងពេញដោយទេពកោសល្យ និងសមត្ថភាពដ៏ពូកែ ២រូប គឺលោក Step និងកញ្ញា SK បានបង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងកុងត្រា ប្រចាំផលិតកម្មថ្មី GenMusix ដែលទើបសម្ពោធជាផ្លូវការ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ ក្នុងនាមជាផលិតកម្មដ៏ធំមួយក្នុងប្រទេសកម្ពុជា។
នេះគឺជាការបោះជំហានដ៏ធំមួយទៀត សម្រាប់តារាចម្រៀងវ័យក្មេងទាំង២រូប ជាដៃគូដ៏ស័ក្ដិសមបំផុត ដោយកន្លងមកពួកគេទាំង២ ក៏បានបង្ហាញនូវសមិទ្ធផល និងស្នាដៃដ៏អស្ចារ្យជាច្រើនមកហើយដែរក្នុងវិស័យតន្ត្រី។ ការឈានចូលក្នុងទ្រនំថ្មីនេះ នឹងធ្វើឱ្យអាជីពរបស់ពួកគេកាន់តែរីកចម្រើន ក្រោមការយកចិត្តទុកដាក់ពីថ្នាក់គ្រប់គ្រងរបស់ផលិតកម្ម ក៏ដូចជាការជ្រោមជ្រែងពីអ្នកជំនាញក្នុងវិស័យតន្ត្រី ដើម្បីដឹកនាំតារាចម្រៀងទាំងពីររូប កាន់តែមានឈ្មោះបោះសំឡេង ជាពិសេសបានចូលរួមបង្កើតនូវសមិទ្ធផលថ្មីៗ តន្ត្រីបែបថ្មី ក្នុងបរិបទសម័យឌីជីថលដ៏អស្ចារ្យ។
ការបង្ហាញខ្លួនរបស់ Step និង SK ក្នុងក្រុមហ៊ុនតន្រ្តីដ៏ថ្មីសន្លាងមួយនេះ បាននាំមកនូវផ្ទាំងទស្សនីយភាព ដ៏ប្លែកភ្នែក ប្លែកត្រចៀក ជាមួយនឹងការបោះទុន ការវិនិយោគដ៏ធំពីសំណាក់គណៈគ្រប់គ្រង នៃផលិតកម្មដ៏ធំមួយនេះ។ មហាជនជឿជាក់ថា សមត្ថភាពទេពកោសល្យ រួមទាំងការចាយទុនពីក្រុមហ៊ុនតន្ត្រីដ៏ថ្មីសន្លាងមួយនេះ នឹងនាំឲ្យវិស័យតន្ត្រីនៅកម្ពុជាអាចឈានឆ្ពោះទៅកាន់លំដាប់អន្តរជាតិ ជាវេទិកាស្ដាប់តន្ត្រីលំដាប់ពិភពលោក។
ក្នុងនាមជាសមាជិកដំបូងគេ នៅក្នុងផលិតកម្មថ្មីសន្លាងមួយនេះ Step និង SK បានត្រៀមសមិទ្ធផលជាច្រើន ដើម្បីយកមកបង្ហាញប្រជាជនកម្ពុជា និងពិភពលោក ពីរសជាតិតន្ត្រីបែបថ្មីដ៏រស់រវើកលំដាប់ស្ដង់ដាអន្តរជាតិ ស្របតាមបរិបទសម័យឌីជីថលដ៏ជឿនលឿន។ ប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងថ្ងៃសម្ពោធជាផ្លូវការ នៃផលិតកម្ម GenMusix តារាចម្រៀងទាំងពីររូប បានបង្ហាញនូវអារម្មណ៍រំភើបរីករាយក្រៃលែង ដែលបានក្លាយជាសមាជិកដំបូងគេ ក្នុងទ្រនំថ្មីដ៏កក់ក្ដៅមួយនេះ ព្រមទាំងសន្យាថា នឹងនាំមកនូវផ្ទាំងទស្សនីយភាពប្លែកភ្នែក ប្លែកអារម្មណ៍ មកកាន់ទស្សនិកជនដែលមិនធ្លាប់ពីមុនមក ក្នុងវិស័យតន្ត្រីនៃប្រទេសកម្ពុជា។
ដោយឡែកអ្នកនាង អ៊ឹង គីមលាង នាយិកាប្រតិបត្តិនៃក្រុមហ៊ុនតន្រ្តីដ៏ថ្មីសន្លាង ដែលទើបនឹងបង្កើតឡើងឈ្មោះថា «GENMUSIX» បានថ្លែងឲ្យដឹងថា នៅក្នុងយុគសម័យដ៏ទំនើបនេះ តន្រ្តីបានដើរតួនាទីយ៉ាង សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយជាការពិតដែលមិនអាចប្រកែកបាននោះ គឺយើងពិតជាមិនអាច នឹងស្រមៃបានទេថា ជីវិតដែលគ្មានតន្រ្តីនោះគឺបែបណា។
ជាមួយនឹងភាពរីកចម្រើនខ្លាំងលើវិស័យតន្ត្រីនៅកម្ពុជា យើងក៏សម្រេចបាននូវសមិទ្ធផល គួរឲ្យកត់សម្គាល់យ៉ាងច្រើនសម្បើម នៅលើបណ្ដាញផ្សព្វផ្សាយសង្គម និងវេទិកាតន្ត្រីផ្សេងៗគ្នា ដែលសុទ្ធសឹង ជាបទចម្រៀងដ៏ពេញនិយមក្នុងសម័យឌីជីថលនេះ។ លើសពីនេះទៅទៀត សមត្ថភាពដ៏លេចធ្លោរបស់សិល្បករវ័យក្មេង ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យវិស័យតន្ត្រីនៅកម្ពុជាទទួលបានការចាប់ អារម្មណ៍កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកនាងបន្តថា សង្គមកាន់តែរីកចម្រើន បែបផែននៃការរស់នៅរបស់មនុស្សក៏កាន់តែជឿនលឿនទន្ទឹមគ្នា ហើយចំពោះ វិស័យតន្ត្រីក៏មិនខុសគ្នានោះដែរ។ ដូចនេះដើម្បីរួមចំណែកចែករំលែកនូវក្ដីស្រឡាញ់ និងការខិតខំប្រឹង ប្រែងរបស់យើងទៅកាន់វិស័យតន្ត្រីនៅកម្ពុជា និងដើម្បីតាមឲ្យទាន់នូវល្បឿននៃការអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស។ អ្នកនាងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការប្រកាសនូវការបង្កើតក្រុមហ៊ុន GENMUSIX ដែលជាក្រុមហ៊ុនតន្រ្តីដ៏ថ្មីសន្លាង នៅកម្ពុជាទៅកាន់អ្នកគ្រប់គ្នា។
ក្រុមហ៊ុន GENMUSIX មានគោលបំណងផ្ដល់នូវតន្រ្តីទំនើបក្នុងសម័យឌីជីថលនេះ ជាមួយសិល្បករ-សិល្បការិនី ថ្មីៗ ដែលពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ យ៉ាងលេចធ្លោទៅកាន់មហាជន។ ហើយទាំងអស់នេះ នឹងក្លាយជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ការវិនិយោគ និងក្ដីស្រឡាញ់របស់យើងទាំងអស់គ្នា។ អ្នកនាងសង្ឃឹមយ៉ាងមុតមាំថា ផលិតផលតន្រ្តី និងសិល្បករ-សិល្បការិនី របស់យើងខ្ញុំ នឹងរួមចំណែកបន្ថែមនូវរសជាតិតន្ត្រីបែបថ្មីដ៏រស់រវើក ស្របតាមបរិបទសម័យថ្មីនៃវិស័យតន្រ្តីរបស់ប្រទេសកម្ពុជា។
GENMUSIX ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើម និងការគាំទ្រយ៉ាងពេញទំហឹងពីគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយបេសកកម្មចម្បងនៃក្រុមហ៊ុន GENMUSIX គឺ «ការផលិតតន្រ្តីដ៏មានគុណភាព»។
នៅក្នុងនោះបេសសកម្មរបស់ GENMUSIX រួមមាន៖
• ការរួមចំណែកអភិវឌ្ឍវិស័យតន្រ្តី និងការគ្រប់គ្រងសិល្បៈករតាមស្តង់ដារ និងបង្កើនការងារ សិល្បៈក្នុងស្រុកឱ្យកាន់តែរីកចម្រើន។
• រួមចំណែកក្នុងការផលិតតន្រ្តី និងទស្សនីយភាពដែលមានគុណភាពកាន់តែខ្ពស់ទៅលើទីផ្សារ។
• ការរួមចំណែក នូវក្នុងការបណ្ដុះឥទ្ធិពលវិជ្ជមាន តាមរយៈវិស័យតន្រ្តីទៅក្នុងសង្គម។
• ការរួមចំណែកនូវក្នុងការផ្សព្វផ្សាយកម្ពុជា ទៅក្នុងវេទិកាអន្តរជាតិ។
• ផ្តល់នូវវេទិកាលំដាប់ថ្នាក់ពិភពលោក សម្រាប់វិស័យតន្ត្រីនៃប្រជាជនកម្ពុជា។
GENMUSIX បានប្រមូលផ្តុំទៅដោយធនធានមនុស្ស ដែលពោពេញដោយវិជ្ជាជីវៈ រចនាសម្ព័ន្ធស្តង់ដារ អន្តរជាតិ ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដែលត្រូវតែផ្តល់ឲ្យបាននូវវេទិកាដ៏សមរម្យមួយ សម្រាប់ សិល្បករ-សិល្បករនីវ័យក្មេង ដើម្បីបំពេញកិច្ចការងារ និងស្វែងយល់ពីទេពកោសល្យរបស់ពួកគេ ក្នុងការអភិវឌ្ឍវិស័យតន្រ្តីនៃប្រទេសកម្ពុជា និងវិវត្តន៍ខ្លួនស្របទៅតាមស្ដង់ដារអន្តរជាតិ៕