(ភ្នំពេញ)៖ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត WICAM នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកសម្ពោធទីស្នាក់ការកណ្តាលការិយាល័យអាជីវកម្មជាផ្លូវការ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ជូនសេវាអ៊ីធឺណិត ដែលមានតម្លៃសមរម្យ មានល្បឿនលឿន និងមានគុណភាពខ្ពស់នៅកម្ពុជា ដើម្បីចូលរួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៍ និងបរិវត្តកម្មឌីជីថល នៅកម្ពុជា។
ពិធីសម្ពោធទីស្នាក់ការកណ្តាលជាផ្លូវការនេះ បានរៀបចំឡើងក្រោមធិបតីភាពលោក ខៀវ កាញារីទ្ធ សមាជិករដ្ឋសភាកម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមនឹងតំណាងមកពីស្ថាប័នពាក់ព័ន្ធនានា។
លោក ខៀវ កាញារីទ្ធ បានថ្លែងអបអរសាទរចំពោះការបើកដំណើរការ នៃការបើកសម្ពោធទីស្នាក់ការកណ្តាលការិយាល័យ អាជីវកម្មរបស់ក្រុមហ៊ុន WICAM នៅរាជធានីភ្នំពេញ។ ការបើកទីស្នាក់ការរបស់ WICAM នាពេលនេះ នឹងជួយគាំទ្រដល់គោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ដែលផ្តោតលើការអភិវឌ្ឍឌីជីថល និងពង្រឹងនូវការផ្តល់នូវអ៊ីធឺណិត ដែលមានល្បឿនលឿន។
លោកបន្តថា ការដាក់ពង្រីកនូវប្រព័ន្ធអ៊ីធឺណិត គឺជាការចាំបាច់ ដើម្បីជំរុញការរីកចម្រើនបច្ចេកវិទ្យានៅកម្ពុជា និងជួយសម្រួលដល់ការទំនាក់ទំនង។
លោកមានប្រសាសន៍ថា «ខ្ញុំឃើញទី១ WICAM ជាប្រព័ន្ធដែលមានល្បឿនលឿន ដូច្នេះនឹងជួយដល់ការងារនៅគ្រប់ផ្នែកដូចជាការស្វែងរក ស្រាវជ្រាវរកអ្វីមួយ គឺទាល់តែប្រព័ន្ធវាលឿន ទើបយើងធ្វើការបានលឿន។ WICAM មិនគ្រាន់តែលឿនទេ ប៉ុន្តែធានាថាមានស្ថិរភាពផងដែរ។ បច្ចុប្បន្នអ៊ីធឺណិតនៅស្រុកខ្មែរលឿន ប៉ុន្តែមានក្រុមហ៊ុនខ្លះពេលយប់ជ្រៅបន្ថយល្បឿនធ្វើឱ្យយឺត ដូច្នេះបង្កការលំបាកដល់អ្នកធ្វើការយប់ ធ្វើឱ្យការងារយឺត ស្ទះការងារមួយចំនួនដែរ ដូច្នេះបើក្រុមហ៊ុនធានាថា មានស្ថិរភាពពិតជាសំខាន់។ ហើយចំណុចមួយទៀត គឺពាក់ព័ន្ធនឹងតម្លៃ គឺ WICAM មានតម្លៃថោក ហើយមានបណ្តាញជាង ២ម៉ឺនគីឡូម៉ែត្រ ដែលមានន័យថា អាចភ្ជាប់បានគ្រប់ទីកន្លែង»។
លោក CAO ZHENWEI នាយកប្រតិបត្តិក្រុមហ៊ុន WICAM បានថ្លែងថា ការបង្កើតការិយាល័យអាជីវកម្មថ្មីនេះ សបញ្ជាក់ថាក្រុមហ៊ុន WICAM អាចផ្តល់សេវាកម្មបណ្តាញគុណភាពខ្ពស់ ដល់អ្នកប្រើប្រាស់កាន់តែច្រើន។ ក្រុមហ៊ុនអ៊ីនធឺណិត WICAM នឹងបន្តផ្តោតសំខាន់លើអតិថិជនដូចពីមុន និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន។
លោកសង្ឃឹមថា តាមរយៈការបង្កើតការិយាល័យអាជីវកម្មនេះ WICAM នឹងកាន់តែជិតស្និតជាមួយអតិថិជន យល់ពីតម្រូវការរបស់ពួកគេ និងដោះស្រាយរាល់បញ្ហាបណ្តាញអ៊ីនធឺណិតជាបន្តបន្ទាប់ ដូចជាការលំបាកក្នុងការប្រើប្រាស់អ៊ីនធឺណិត ពិបាកមើលទូរទស្សន៍ និងការលំបាកក្នុងការទិញទំនិញតាមអនឡាញជាដើម ដើម្បីបំពេញតាមការរំពឹងទុក និងតម្រូវការរបស់អតិថិជន។
លោកបន្ថែមថា ដោយសារបច្ចុប្បន្ននេះ មានការរីកចម្រើនខាងបច្ចេកវិទ្យា ហេតុនេះអ៊ីនធឺណិតដែលមានល្បឿនលឿន គឺជាតម្រូវការចាំបាច់នៅកម្ពុជា។ វត្តមានរបស់ WICAM នឹងចូលរួមចំណែកក្នុងអភិវឌ្ឍន៍វិស័យទូរគមនាគមន៍អ៊ីនធឺណិតនៅកម្ពុជា។
លោកលើកឡើងទៀតថា «ដោយសារតែកម្ពុជា-ចិន មានកិច្ចសហការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនមេ របស់ក្រុមហ៊ុន WICAM ជ្រើសរើសប្រទេសកម្ពុជា ធ្វើការវិនិយោគ។ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន WICAM នៅក្នុងប្រទេសកម្ពុជាមានទំហំទឹកប្រាក់ជិត ៨០លានដុល្លារ និងផ្តល់សេវាគ្របដណ្តប់នៅ២៥ ខេត្តក្រុង។ នៅថ្ងៃអនាគត ខ្ញុំនឹងសហការជាមួយក្រុមហ៊ុនបណ្តាញខ្សែកាបអុបទិក ដូចជា CFOCN ក៏ដូចជាក្រុមហ៊ុនផ្សេងទៀត ក្នុងការពង្រីកបណ្តាញគ្រប់គ្រងអ៊ីធឺណិត នៅប្រទេសកម្ពុជា ដើម្បីលើកតម្កើងជីវភាព និងភាពងាយស្រួលក្នុងប្រើប្រាស់អ៊ីនធឺណិតនៅថ្ងៃអនាគត។ ក្រុមហ៊ុននឹងព្យាយាមបង្កើនកម្រិតសមត្ថភាពល្បឿនអ៊ីនធឺណិត ប៉ុន្តែតម្លៃនៅតែរក្សាដដែលមិនប្រែប្រួលឡើយ»។
លោកបន្តថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះក្រុមហ៊ុន WICAM និងអរគុណច្រើនចំពោះដៃគូសហការ ខ្ញុំលើកទឹកចិត្តចំពោះអតិថិជនថ្មី តាមដាន និងសាកល្បងប្រើប្រាស់សេវាកម្មអ៊ីនធឺណិតរបស់ WICAM ថាល្អប៉ុណ្ណា»៕