(ឡុងដ៍)៖ ខ្សែបម្រើស្លាបរបស់ក្លិប Tottenham កីឡាករ Ivan Perisic ត្រូវបានគេរំពឹងថា នឹងត្រូវខកខានពីការប្រកួត សម្រាប់រយៈពេលដែលនៅសេសសល់ក្នុងរដូវកាលនេះ បន្ទាប់ពីបានរងរបួសសរសៃចងជង្គង់ធ្ងន់ធ្ងរ (ACL)។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមប្រភភពពីក្លិបបានឲ្យដឹងថា កីឡាករអន្តរជាតិក្រូអាត Ivan Perisic ដែលពោរពេញដោយបទពិសោធន៍ មានវ័យ ៣៤ឆ្នាំរូបនេះ បានរងរបួសនៅអំឡុងពេលហ្វឹកហាត់ ហើយរូបគេគ្រោងនឹងធ្វើការវះកាត់ជង្គង់ខាងស្តាំដែលមានបញ្ហានេះ មុនពេលស្តារនីតិសម្បទារឡើងវិញ ដែលស្ថិតនៅភាគខាងជើងទីក្រុង London។
រំលឹកផងថា Perisic បានចូលរួមជាមួយ Tottenham លើកិច្ចព្រមព្រៀង ២ឆ្នាំ ផ្ទេរមកពីក្លិប Inter Milan ក្នុងឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងរបស់លោក គ្រោងនឹងផុតកំណត់នៅខែកក្កដា ឆ្នាំក្រោយ។
សូមជម្រាបថា ក្លិប Spurs មិនទាន់បរាជ័យនៅឡើយទេ ក្នុងការប្រកួតចំនួន ៥លើក នៅលីគ Premier League រដូវកាលថ្មីនេះ ស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការថ្មី លោក Ange Postecoglou ក្នុងរដូវកាលនេះ, ដោយបានលេងឈ្នះ ៤ប្រកួត និងស្មើ ១ប្រកួត ឈរនៅចំណាត់ថ្នាក់ទី២ ក្នុងតារាងបណ្តោះអាសន្ន៕