(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ថែរក្សា ជួសជុល អភិរក្សប្រាង្គប្រាសាទ តាមមធ្យោបាយបណ្ដុះបណ្ដាលអ្នកបន្តវេនឱ្យយល់ដឹងពីជំនាញបច្ចេកទេសដើម្បីរួមគ្នាអភិរក្ស ក្នុងនោះមានកូនខ្មែរមួយចំនួនបានស្ម័គ្រចិត្តធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែពួកគេមានក្តីស្រឡាញ់ និងចង់ថែរក្សាកេរដំណែលដូនតាខ្មែរឱ្យនៅគង់វង្ស។
លោក ជួន វង្ស អាយុ៣០ឆ្នាំ អ្នកភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង គឺជាអ្នកចូលរួមជួសជុលប្រាសាទម្នាក់ក្នុងចំណោមអ្នករួមការងារជាច្រើនទៀត។ លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋចំនួន៤ឆ្នាំមកហើយ។
លោក វង្ស បានឱ្យដឹងថា ដោយសារការស់នៅក្បែរប្រាសាទតាំងពីតូច និងការស្រឡាញ់ផង ជំរុញឱ្យលោកចូលបម្រើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែចិត្តចង់ចូលរួមថែរក្សាកេរដូនតា សម្រាប់ក្មេងជំនាន់ក្រោយបន្តទៀត។
ចំណែកលោក សែន ស៊ុង អាយុជាង៣០ឆ្នាំ គឺជាអ្នកជួសជុលប្រាសាទឥដ្ឋរយៈពេលជាង១០ឆ្នាំ បានឱ្យដឹងដែរថា ប្រាសាទបុរាណដែលដូនតាខ្មែរបានកសាង គឺអស្ចារ្យគ្មានពីរនៅលើលោក។ ការចូលរួមជួសជុលប្រាសាទបុរាណគឺជាសំណាងរបស់លោក ព្រោះតែប្រាសាទបុរាណមានតម្លៃ អាយុកាលខ្ទង់ពាន់ឆ្នាំ មានសាងពីឥដ្ឋ និងពីថ្មធំៗ ស្កឹមស្កៃ និងមិនមានមនុស្សច្រើនទេ ដែលបានចូលរួមថែរក្សាសម្បត្តិដូនតាដោយផ្ទាល់ដូច្នេះឡើយ។
លោក ជួន វង្ស និងលោក សែន ស៊ុង ផ្តាំផ្ញើដល់កូនខ្មែរគ្រប់រូបសូមចូលរួមថែរក្សាប្រាសាទបុរាណដែលជាកេរដំណែលដូនតា កុំធ្វើសកម្មភាពណាមួយដែលនាំឱ្យបាត់បង់តម្លៃប្រាសាទ និងសូមកុំគូសវាសលើថ្ម ឬឥដ្ឋដែលនាំឱ្យខូចខាតដល់ប្រាសាទ ព្រោះប្រាសាទបុរាណគឺជារបស់យើងទាំងអស់គ្នា៕